ហូឡង់ពិន័យ Uber ជាង ៣០០លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យអ្នកបើកបរ

ឡាអេ៖ អាជ្ញាធរហូឡង់បានផាកពិន័យលើក្រុមហ៊ុន Uber ចំនួន ៣២៤លានដុល្លារ ដោយចោទប្រកាន់ពីបទផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកបរនៅអឺរ៉ុបទៅកាន់ម៉ាស៊ីនមេនៅសហរដ្ឋអាមេរិក។

ក្រុមឃ្លាំមើលការការពារទិន្នន័យរបស់ប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ពិន័យលើក្រុមហ៊ុនហៅឡានតាក់ស៊ី Uber ជាមួយនឹងការផាកពិន័យជាទឹកប្រាក់ចំនួន ៣២៤លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកបរនៅអឺរ៉ុបទៅកាន់ម៉ាស៊ីនមេនៅសហរដ្ឋអាមេរិក។

និយតករហូឡង់បាននិយាយថា ការផ្ទេរទិន្នន័យផ្ទាល់ខ្លួននេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅ ហៅកាត់ថា (GDPR) របស់សហភាពអឺរ៉ុប ដោយសារក្រុមហ៊ុន Uber មិនបានការពារព័ត៌មានអ្នកបើកបរឱ្យបានត្រឹមត្រូវ។

អាជ្ញាធរការពារទិន្នន័យហូឡង់ (DPA) បានបញ្ជាក់ថា Uber បានប្រមូលព័ត៌មានរសើបរបស់អ្នកបើកបរអឺរ៉ុប រួមទាំងអាជ្ញាប័ណ្ណតាក់ស៊ី ទិន្នន័យទីតាំង រូបថត ព័ត៌មានលម្អិតអំពីការទូទាត់ ឯកសារអត្តសញ្ញាណ ហើយក្នុងករណីខ្លះមសូម្បីតែទិន្នន័យឧក្រិដ្ឋកម្ម និងវេជ្ជសាស្ត្ររបស់អ្នកបើកបរ។

ក្នុងរយៈពេលពីរឆ្នាំ អាជ្ញាធរការពារទិន្នន័យហូឡង់ (DPA) បានរកឃើញថា ព័ត៌មានរបស់អ្នកបើកបរអឺរ៉ុបត្រូវបានផ្ទេរទៅកាន់ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន Uber នៅសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Uber បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការផាកពិន័យនេះ ហើយថា ការសម្រេចចិត្តបែបនេះ គឺជារឿងមិនសមហេតុផលទាំងស្រុង។

ក្រុមហ៊ុន Uber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការផ្ទេរទិន្នន័យឆ្លងព្រំដែនរបស់ Uber គឺអនុលោមតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR)។

នេះជាការផាកពិន័យលើកទីបីរបស់ DPA ប្រឆាំងនឹង Uber បន្ទាប់ពីបានពិន័យជាប្រាក់ជិត ៦៧ម៉ឺនដុល្លារក្នុងឆ្នាំ ២០១៨ និងជាង ១១លានដុល្លារកាលពីឆ្នាំ ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner