ឯកឧត្តម ឃួង ស្រេង អរគុណ ក្រុមការងារកងពលតូច ង៧០ ដែលបានសហការ​ជាមួយ ក្រុមការងាររដ្ឋបាលរាធធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មូស

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច ង៧០ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ នៅសាលារាជធានីភ្នំពេញ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ដែលទទួលបានក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូច និងទឹកសុទ្ធ ០១កេស ។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ តាមរយៈយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ឃួង ស្រេង បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារកងពលតូច ង៧០ ដែលបានសហការជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុងកាលពីថ្ងៃទី២៦ខែសីហា២០២៤នេះ ៕

ដោយ ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner