ឯកឧត្តម ទៀ សុខា ៖ តបតាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន៤ខេត្តភូមិភាគឦសាន
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំក្រុមរថយន្ត Off-Road ក្រុមយុវជន ក១៥៧ និងក្រុមយុវជនជាង ២០០នាក់ មានរថយន្ត Off-Road ៣០គ្រឿង ធ្វើដំណើរតាមក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តចំនួន ៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង ។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ការធ្វើដំណើរនេះ តាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន ៤ខេត្តភូមិភាគឦសាន ហើយគឺជាលើកទី២ ពីមុនមិនដែលធ្វើដំណើរតាមក្រវាត់ព្រំដែនបែបនេះទេ តែពេលនេះយើងបានជួបជុំគ្នាច្រើនពីខេត្តក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ឃើញថាស្ថានភាពខ្សែបន្ទាត់ព្រំដែនមានភាពអ៊ូអរ និងតំបន់ទេសចរមួយចំនួនក៏អ៊ូអរដូចគ្នា ជាមួយនឹងទេសភាពបៃតងខ្ចី។
ឯកឧត្តម ឧត្តមនាវីឯក បន្តថា ទេសចរជាលក្ខណ Off-Road នេះ គឺជាការផ្តល់ឱកាសឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដូចពាក្យចាស់និយាយថា « ស្រឡាញ់ជាតិ អោយស្គាល់ទឹកដី»។
ឯកឧត្តម ទៀ សុខា បានបញ្ជាក់ថា ការធ្វើដំណើរ ទេសចរណ៍ មានការ ចូលរួមច្រើនពីបងប្អូនក្រុមរថយន្ត Off-Road មកពីគ្រប់ខេត្ត ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តទាំង៤ នៅភូមិភាគឦសាន រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៣ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤ បានផ្តល់ចំនេះដឹងច្រើនពីការកសាងខ្សែបន្ទាត់ព្រំដែន ហេដ្ឋារចនាសម័ន្ធខ្វាត់ខ្វែង ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ការផ្លាស់ប្តូរវប្បធម៌គ្នា ពីតំបន់ទេសចរធនធានធម្មជាតិ និងមិត្តភាព សាមគ្គីភាព ជាពិសេសកិច្ចសហការគ្នាល្អផងដែរ។
សូមបញ្ជាក់ថា ការធ្វើដំណើរជាលក្ខណទេសចរតាមផ្លូវក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីជួយផ្សព្វផ្សាយ និងជម្រុញសកម្មភាពទេសចរណ៍នៅក្នុងប្រទេស មានរថយន្ត Off-Road សរុប ៣០គ្រឿង និងសមាជិកជិត២០០នាក់ចូលរួម រយៈពេល៣ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤ ទៅកាន់ខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង ៕
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ សែម បូរិន