ឯកឧត្តម ឌិត ទីណា៖ការចូលជាសមាជិកនៃអង្គការ UPOV ផ្ដល់ផលប្រយោជន៍ច្រើន សម្រាប់ ការស្រាវជ្រាវប្រភេទពូជ និង បច្ចេកទេសពូជដំណាំ
(ភ្នំពេញ)៖ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការចូលជាសមាជិកនៃអង្គការ UPOV ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជ និង បច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធរវាងគ្នាទៅវិញទៅមក។
ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្រសួងកសិកម្មបានឱ្យដឹងដែរថាក្នុងជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិកនៃ UPOV ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។
សូមបញ្ជាក់ថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងគាំទ្រនិងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម៕
ដោយ ៖ ម៉ាដេប៉ូ