ក្រសួងដែនដី រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ជាមួយគណៈមេធាវីកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុលដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។
នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលរៀបចំដោយក្រុមការងារច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយគណៈមេធាវី កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថាការចូលរួមរបស់សិក្ខាកាមទាំងអស់នាពេលនេះជាការចូលរួមដ៏មានសារៈសំខាន់និងអាចនិយាយបានថា ជាការចូលរួមជាប្រវត្តិសាស្ត្រ ពីព្រោះសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះត្រូវបានរៀបចំតាក់តែងដោយផ្អែកលើបទពិសោធន៍ការងារកន្លងមកនិងស្របតាមបរិបទនៃការវិវត្តន៍របស់សង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុលដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។
សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះត្រូវបានរៀបចំតាក់តែងដំបូងនៅឆ្នាំ២០១៩ដោយក្រុមការងារច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានបញ្ចូលបទបញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីបន្ត ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ក្រោមជំនួយបច្ចេកទេសពីទីភ្នាក់ងារJICA ។
សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានសម្រេចផ្ញើសេចក្តីព្រាងច្បាប់នេះជូនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំង ២៥រូប អភិបាលនៃគណៈអភិបាលក្រុងស្រុកខណ្ឌចំនួន ២០៩រូប មេឃុំចៅសង្កាត់ចំនួន ១ ៦៥២រូប និងអង្គការមិនមែនរាជរដ្ឋាភិបាល ពាក់ព័ន្ធចំនួន ៦រូប ដើម្បីពិនិត្យនិងផ្ដល់យោបល់ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះស្របតាមបរិបទថ្មី មានភាពជាក់ស្ដែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀតនិងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលស្វែងយល់និងងាយអនុវត្ត ៕
ដោយ / គ្រី សម្បត្តិ