រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងហ្វីលីពីន សហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៤
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម ឯកឧត្តម អែនរីកគេ ម៉ាណាឡូ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន បានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៤ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ ២០២១ និងដាក់ចេញផែនការសកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង បញ្ហាអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr., ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយ លោកជំទាវ Sara Duterte អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស