រដ្ឋបាលខេត្តក្រចេះ ត្រៀមរៀបចំសម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ យុវជន និងសិស្ស និស្សិត មកតំបន់ព្រំដែន

អត្ថបទដោយ៖
ឈឹម សុផល

ក្រចេះ៖ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀមបែងចែកក្រុមការងារ សម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ យុវជន និងសិស្ស និស្សិត ដែលមកទស្សនកិច្ច និងសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកិច្ចប្រជុំនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា រដ្ឋបាលខេត្តក្រចេះ បាននិងកំពុងរៀបចំត្រៀម ក្នុងការបែងចែកក្រុមការ ងារ ដឹកនាំសម្របសម្រួលដល់ដំណើរទស្សនកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំ របស់រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលការណ៍ រៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋ និងយុវជនទៅកាន់ខេត្ត ៤ នៅភាគឦសាន គឺ ខេត្តក្រចេះ-ស្ទឹងត្រែង-មណ្ឌលគិរី និងខេត្តរតនគិរី ដោយឥតគិតថ្លៃរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីពួកគាត់បានទស្សនាពីទិដ្ឋភាពនៃការអភិវឌ្ឍ ក៏ដូចជាការរស់នៅរបស់ប្រជាជនជាក់ស្ដែង នៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ពីការរៀបចំដំណើរកម្សាន្តនេះ គឺមានបំណងលុបបំបាត់មន្ទិល សង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភ ខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម ប៉ុន្តែ រដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ការបរិច្ចាគថវិកាសម្រាប់ចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តបតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕


ដោយ: ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner