អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រងការចោទពីបទញុះញង់ឲ្យបះបោរ
បរទេស៖ មេធាវីបាននិយាយ នៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យមានការបះបោរ ជុំវិញការលើកឡើង អំពីអតីតព្រះមហាក្សត្រ ដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថដល់ស្តេច។
អ្នកនយោបាយ វ័យ៧៧ឆ្នាំរូបនេះ បាននិយាយថា លោកមិនមានកំហុសទេ នេះបើតាមមេធាវីរបស់លោក ដែលបានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅតុលាការ ស្ថិតក្នុងទីក្រុង Gua Musang ភាគខាងជើង។
ការចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរនេះ បានកើតចេញពីសុន្ទរកថា របស់លោក Muhyiddin ដែលធ្វើឡើង នៅក្នុងខែសីហានេះ។ ពេលនោះ លោកបានចោទសួរ ពីការសម្រេចព្រះទ័យ របស់អតីតព្រះមហាក្សត្រ ក្នុងឆ្នាំ២០២២ លើការតែងតាំងគូប្រជែងរបស់លោក គឺលោក Anwar Ibrahim ឲ្យធ្វើជានាយករដ្ឋមន្ត្រី។
ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ជាការប្រមាថចំពោះស្តេច Sultan Abdullah Sultan Ahmad Shah ដែលបានសោយរាជ្យ ពីឆ្នាំ២០១៩ ដល់ខែមករាឆ្នាំនេះ។
បើតាមច្បាប់ លោក Yassin អាចប្រឈមនឹងការផ្តន្ទាទោស ជាប់ពន្ធនាគារ រហូតដល់បីឆ្នាំ និងការផាកពិន័យ។ មេធាវីបាននិយាយថា តុលាការបានកំណត់ពេលវេលាបើកសវនាការបន្ទាប់ លើករណីលោក Muhyiddin នៅថ្ងៃទី៤ ខែវិច្ឆិកា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត