ឥណ្ឌូនេស៊ីផ្តើមផ្តល់អាហារថ្ងៃត្រង់មិនគិតថ្លៃដល់សិស្សទូទាំងប្រទេស
ប្រទេស៖ កាសែត Nikkei Asia បានចេញផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមសាកល្បងកម្មវិធីផ្តល់អាហារថ្ងៃត្រង់ ឥតគិតថ្លៃដល់សិស្ស ទូទាំងប្រទេស មុនពេលដាក់ឲ្យដំណើរការ ជាផ្លូវការ នាពេលខាងមុខ។
ប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ដែលត្រៀមឡើងកាន់តំណែង ក្នុងខែតុលា ខាងមុខនេះ ធ្លាប់បានសន្យា នឹងផ្តល់អាហារថ្ងៃត្រង់ និងទឹកដោះគោ មិនគិតថ្លៃ ដល់សិស្ស ជាង៧៨លាននាក់ នៅសាលារៀនប្រហែល ៤០ម៉ឺនកន្លែង ទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយ កង្វះអាហារូបត្ថម្ភ និងភាពក្រិនរបស់កុមារ ព្រមទាំង ជំរុញការលូតលាស់របស់កុមារ។
ឥណ្ឌូនេស៊ីសង្ឃីមថា ក្រុមហ៊ុនទើបចាប់ផ្តើមធុរកិច្ចថ្មី ឬ Startup នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងគម្រោងរាប់ពាន់លានដុល្លាអាមេរិក មួយនេះ។ អនាគតអនុប្រធានាធិបតី លោក Gibran Rakabuming បានប្រាប់អ្នកយកព័ត៌មាន កាលពីខែកក្កដាថា ការចូលរួមការគាំទ្រពីក្រុមហ៊ុនឯកជន នឹងជំរុញឲ្យកម្មវិធីនេះដំណើរការល្អ។ លោកបានប្រាប់ថា សេវាកម្មដឹកជញ្ជូនអាហារតាមផ្ទះ និងដឹកជញ្ជូនអាហារ ឈ្មោះ Gojek ថ្មីៗនេះ បានជួយសម្រួលដល់កម្មវិធីអាហារសាលា សាកល្បង ដោយភ្ជាប់រដ្ឋាភិបាល ជាមួយពាណិជ្ជករតូចៗ ដែលបានចុះឈ្មោះ នៅលើកម្មវិធីរបស់ខ្លួន។ កញ្ចប់អាហារត្រូវបញ្ជូនទៅសាលាបឋមសិក្សាសាធារណៈ ដោយអ្នកបើកបរ Gojek រាប់សិបនាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ។
រីឯ ក្រុមហ៊ុន BroilerX ដែលជាក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច លើវិស័យកសិកម្ម និងផ្តល់បច្ចេកវិទ្យាឌីជីថល ដល់កសិករចិញ្ចឹមមាន់ ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនក្នុងស្រុក ដែលគ្រោងនឹងចូលរួម ក្នុងកម្មវិធីនេះដែរ។
ស្ថាបនិកក្រុមហ៊ុន BroilerX គឺ លោក Prastyo Ruandhito បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Nikkei Asia បាននិយាយ នាពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយរូប ត្រូវបានក្រសួងកសិកម្មតែងតាំង ដើម្បីដឹកនាំការខិតខំរកប្រភពគ្រឿងផ្សំ សម្រាប់កម្មវិធីអាហារ ដោយឥតគិតថ្លៃនេះ។
កម្មវិធីដែលគ្រោងនឹងដំណើរការ រហូតដល់ឆ្នាំ២០២៩ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយរហូតដល់ ២៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ នេះបើយោងតាមអ្នកតំណាងក្រុមយុទ្ធនាការ របស់លោកអនាគតប្រធានាធិបតី Prabowo៕
ប្រភពពី Nikkei Asia ប្រែសម្រួល៖ សារ៉ាត