ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនពន្យល់ដល់ពលករជំនាញខ្មែរអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានពន្យល់ដល់ពលករជំនាញខ្មែរដែលកំពុងធ្វើការនៅប្រទេសជប៉ុន បានយល់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមនៅឆ្នាំ១៩៩៩ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍន៍ខេត្តទាំងបួនរបស់កម្ពុជានៅភូមិភាគឥសាន្តជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ជាពិសេសប្រែក្លាយព្រំដែននេះជាព្រំដែនមិត្តភាព សាមគ្គីភាព និងអភិវឌ្ឍ។ ការពន្យលដល់ពលករជំនាញខ្មែរក្នុងឱកាសចុះសួរសុខទុក្ខពលករជំនាញខ្មែរដែលកំពុងបម្រើការងារនៅក្រុមហ៊ុន Hokkaido Green Partner ផ្នែកកសិកម្មដាំឆៃថាវ និងដាំផ្កាខាត់ណា(Broccoli) នៅស្រុកToyoroko នៃកោះហុកកៃ ប្រទេសជប៉ុន កាលពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជួបពិភាក្សាការងារជាមួយលោក Anda Takeshi អភិបាលស្រុក Toyokoro និងសួរសុខទុក្ខពលករជំនាញខ្មែរដោយផ្ទាល់សរុបចំនួនប្រមាណ ៤២នាក់ ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល២ថ្ងៃ ចាប់ពី ថ្ងៃទី២៥ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅកោះហុកកៃដូនៃប្រទេសជប៉ុន។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក កៅ និរោធន៍ អនុព័ន្ធការងារបានចុះសួរសុខទុក្ខពលករ ជំនាញខ្មែរដែលកំពុងបម្រើការងារនៅក្រុមហ៊ុន Hokkaido Green Partner ផ្នែកកសិកម្មដាំឆៃថាវ និងដាំផ្កាខាត់ណា(Broccoli) នៅស្រុកToyoroko នៃកោះហុកកៃដូចំនួនសរុបប្រមាណ៣០នាក់។
ឯកឧត្ដម មានការភ្ញាក់ផ្អើល និងត្រេកអរបំផុតដែលបានឃើញផ្ទាល់នូវសកម្មភាពការងារ ទិដ្ឋភាពជាក់ស្ដែងនៅកន្លែងការងារ នៅកោះដ៏ឆ្ងាយពីទីក្រុងតូក្យូមួយនេះ ដោយថៅកែជប៉ុនបានយកចិត្តទុកដាក់មើលថែទាំដ៏កក់ក្តៅ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្រុមហ៊ុននេះអនុញ្ញាតឱ្យចាក់ចម្រៀងខ្មែរកំដរក្នុងពេលម៉ោងពួកគាត់កំពុងធ្វើការងារផងដែរ។
ឯកឧត្ដម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Hokkaido Green Partner ដែលបានជ្រើសរើសធនធានមនុស្សពីកម្ពុជា និងបានលើកទឹកចិត្តក្មួយៗពលករជំនាញខ្មែរដែលកំពុងតែបម្រើការងារទាំងអស់ ខិតខំក្រេបយកចំណេះជំនាញ តាំងពីពេលដាំរហូតដល់ការបញ្ចេញផលិតផលលក់លើទីផ្សារ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបាន ពេលវិលត្រលប់ទៅមាតុប្រទេសវិញ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Anda Takeshi អភិបាលស្រុក Toyokoro។ ឯកឧត្ដម បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលជួយសម្រួលដល់ម្ចាស់ក្រុមហ៊ុនខាងលើជួលផ្ទះក្នុងតម្លៃឈ្នួលទាប សម្រាប់ជួលឱ្យពលករជំនាញខ្មែរ និងចូលរួមចំណែកក្នុងកិច្ចគាំពារពលករជំនាញខ្មែរ។ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតល្មួត ជាមួយប្រទេសជប៉ុនអាចអនុញ្ញាតឱ្យធនធានមនុស្សពីកម្ពុជាមកស្នាក់នៅធ្វើការក្នុងស្រុកToyokoro។
បន្ទាប់មកឯកឧត្ដម បានជួបពិភាក្សាជាមួយលោក Tomita Hirofumi តំណាងសមាគមន៍សហករកសិកម្ម JA Shihoro ដើម្បីពិភាក្សាការងារ និងបានសួរសុខទុក្ខពលករជំនាញខ្មែរសរុបចំនួនប្រមាណ១២នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ Hokuren ដែលជារោងចក្រកែច្នៃដំឡូងបារាំងដ៏ធំប្រចាំប្រទេសជប៉ុន។
ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់មើលថែទាំពលករជំនាញខ្មែរ និងសាងសង់ផ្ទះស្នាក់នៅយ៉ាងស្រស់ស្អាតមានផាសុកភាពសម្រាប់ពលករខ្មែរស្នាក់នៅ និងបានផ្តល់ឱកាសការងារដើម្បីឱ្យពួកគេបានសិក្សារៀនសូត្រ បន្ថែមក្នុងវិស័យកសិកម្មទំនើបរបស់ប្រទេសជប៉ុន។ តាមរយៈទស្សនកិច្ចការងារនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ទៅលើរដ្ឋាភិបាលជប៉ុន សមាគមជប៉ុន សហគ្រាស និង ក្រុមហ៊ុនជប៉ុនពិតជាយកចិត្តទុកដាក់ក្នុងការមើលថែទាំពលករជំនាញខ្មែរគ្រប់ទីកន្លែង៕
ដោយ៖ពលជ័យ
រូបភាព៖សា្ថនទូតកម្ពុជាប្រចាំប្រទេសជប៉ុន