កីឡាករកូនគោលបេក្ខភាពជាប់ពេញសិទ្ធិ៤រូបនិងបំរ៉ុង២រូបត្រូវបានរកឃើញបន្ទាប់ពីប្រកួតជម្រុះរយៈពេល២ថ្ងៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កីឡាករវាយកូនគោលជាប់ជាបេក្ខភាពពេញសិទ្ធិចំនួន ៤រូប និងបំរ៉ុងចំនួន២រូប ចូលរួមក្នុងព្រឹត្តិការណ៍ Asian Development Tourដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅលើទឹកដីអង្គរ ខេត្តសៀមរាប ចុងខែកញ្ញា ឆ្នាំ២០២៤ បានរកឃើញហើយ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីប្រកួតជម្រុះអស់រយៈពេល២ថ្ងៃ នៅទីលានកីឡាវាយកូនគោលហ្គ្រេនភ្នំពេញ។

ឯកឧត្តម ហាប់ អូម៉ាលី អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការប្រកួតជម្រុះដែលសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ មានកីឡាករចូលរួមចំនួន១៣រូប។ ការប្រកួតធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៦ និងបញ្ចប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីចំរាញ់ជ្រើសរើសយកកីឡាករឆ្នើម៦រូប ដែលក្នុងនោះមានកីឡាករពេញសិទ្ធិចំនួន៤រូប និងបំរ៉ុងចំនួន២រូប ត្រៀមបញ្ជូនចូលរួមក្នុងព្រឹត្តិការណ៍ Asian Development Tourដែលជាព្រឹត្តិការណ៍កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលមានប្រទេសក្នុងតំបន់អាស៊ានចូលរួម និងបណ្តាប្រទេសមានកិច្ចសហប្រតិបត្តិជាមួយប្រទេសអាស៊ាន ដំណើរការចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

ឯកឧត្តម ហាប់ អូម៉ាលី បន្ថែមទៀតថា ឆ្លងកាត់ការប្រកួតប្រជែងអស់រយៈពេល២ថ្ងៃកន្លងទៅនេះ សង្កេតឃើញថា កីឡាករពិតជាមានការខិតខំប្រឹងប្រែងប្រកួតខ្លាំងណាស់ ដោយពិន្ទុកីឡាករកម្នាក់ៗគឺល្អ។ ទាំងអស់នេះ ដោយសារតែកីឡាករកម្ពុជាយើងមានការរីកចម្រើនសមត្ថភាព និងមានមហិច្ឆតាចង់បង្ហាញខ្លួនប្រកួតប្រជែងជាមួយកីឡាករបរទេស។

ឯកឧត្តម អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអះអាងទៀតថា កីឡាករដែលជាប់ពេញសិទ្ធិចំនួន៤រូប ដែលឆ្លងកាត់ការប្រកួតជម្រុះដោយសហព័ន្ធ និងបានចូលលេង ក្នុងការប្រកួត Asian Development Tourនៅទឹកដីខេត្តសៀមរាប។ ប៉ុន្តែកីឡាករជាប់ជាបេក្ខភាពបំរ៉ុង២រូប ដែលទទួលបានចំណាត់លេខ៥ និងលេខ៦ គឺស្ថិតនៅក្នុងការរងចាំពីការសម្រេចចិត្តរបស់គណៈកម្មការរៀបចំការប្រកួតនូវឡើយ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខភាព៤រូបពេញសិទ្ធិនេះ កីឡាករ អ៊ឹម រាហ៊ុន ជាប់ចំណាត់លេខ១ពីការប្រកួតវគ្គជម្រុះដោយសហព័ន្ធ គឺបានចូលលេងនៅក្នុងការប្រកួត Asian Development Tourផង ហើយក៏ត្រូវនឹងបញ្ជូនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលមួយទៀត គឺព្រឹត្តិការណ៍កម្រិតពិភពលោក UAE Cup នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៤។
ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថ្ងៃកីឡាករជាប់ជាបេក្ខភាពពេញសិទ្ធិ ៤រូប និងបំរ៉ុង២រូប ត្រូវបានរកឃើញមានដូចជា ១. កីឡាករ អ៊ឹម រាហ៊ុល, ២. កីឡាករ ពៅ ពេជ្រមេត្តា, ៣. កីឡាករ ម៉ុន សុខជា, ៤. កីឡាករ សេង វ៉ាន់សីហា ជាប់ជាកីឡាករពេញសិទ្ធិចូលរួមប្រជែង Asian Development Tourនៅសៀមរាប ដែលមានពិន្ទុពី៧២ ដល់៨០ ខណៈកីឡាករបំរ៉ុង ២រូប មានដូចជា ១. កីឡាករ ស៊ីម សេងហាក់លេខ៥ ពិន្ទុ៨៤, ២. កីឡាករ ប៉ៃ សម លេខ៦ ពិន្ទុ៨៦ ៕

រូបភាព ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner