នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
(ភ្នំពេញ)៖ តាមរយៈបណ្ដាញតេលេក្រាម នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងអំណរគុណ សប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើការកសាងផ្លូវ ក្រវ៉ាត់ព្រំដែន ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។
សូមជម្រាបថា ភ្លាមៗក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដាក់ចេញ នៅមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនជាផ្លូវការ ដើម្បីឲ្យបងប្អូនបានចូលរួមបរិច្ចាគ គឺឃើញចរន្ត នៃការចូលរួមមានច្រើន ទាំងមន្ត្រីរាជការ ទាំង កងកម្លាំងប្រដាប់អាវុធ ទាំងប្រជាពលរដ្ឋ ទាំងអ្នកជំនួញ ពោល គឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកច្រើន។ ការណ៍នេះ សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរ គាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយ អភិវឌ្ឍន៍តំបន់ព្រំដែន ដែលរាជរដ្ឋាភិបាល បានធ្វើជាយូរមកហើយ ហើយឥឡូវនេះ កំពុងតែបន្តធ្វើ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានចាត់ទុក ការចូលរួមចំណែករបស់ប្រជាពលរដ្ឋ មានអត្ថន័យធំធេងណាស់ ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ឱ្យកាន់តែរីកចម្រើន ហើយកាលណា មានហេដ្ឋារចនាសម្ព័ន្ធ រីកចម្រើន មានប្រជាពលរដ្ឋទៅរស់នៅទីនោះ កាន់តែច្រើនឡើងៗ។ នេះគឺជារបងការពារដ៏រឹងមាំបំផុត នូវបូរណភាពទឹកដីរបស់យើង ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយ ។
គួររំលឹកដែរថា តាមរយៈសារពិសេសអំពីសមទ្ធិផល១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណិត្តិទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានសម្រេចផ្តួចផ្តើមបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលមានគោលដៅពីរ ទី១. គឺកៀងគរថវិការបន្ថែម និងទី២. ផ្តល់ឱកាសឱ្យប្រជា ពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាម បណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើផ្លូវក្រវាត់ ព្រំដែន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវទៅដល់បងប្អូនជនរួមទាំងអស់ ចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង ៕
ដោយ ៖ វណ្ណលុក