ក្លិប Bayern Munich ព្រមឲ្យខ្សែប្រយុទ្ធវ័យ១៩ឆ្នាំសញ្ជាតិកូរ៉េខាងត្បូងម្នាក់ ទៅចុះកុងត្រាជាមួយ SC Freiburg
វាពិតជាពេលវេលាដ៏មមាញឹកសម្រាប់ Bayern Munich។ ម្ចាស់ជើងឯក Bundesliga មួយនេះ បានបញ្ជាក់ពីការចាកចេញរបស់ Mats Hummels ទៅលេងនៅក្លិបចាស់ Burussia Dortmund វិញ។ តែពេលនេះពួកគេក៏បានបញ្ជាក់ដែរថា តារាបាល់ទាត់វ័យក្មេងជម្រើសជាតិកូរ៉េខាងត្បូង Jeong Woo-Yeong ក៏ចាកចេញដែរ។ កីឡាករជម្រើសជាតិកូរ៉េខាងត្បូងវ័យក្រោម២០ឆ្នាំ Jeong Woo-Yeong បានចាកចេញពី Bayern ទៅចុះកុងត្រាជាមួយក្លិប SC Freiburg ដែលកំពុងលេងក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ដូចគ្នា។
កីឡាករវ័យក្មេងរូបនេះលេងក្នុងតំណែងជាខ្សែប្រយុទ្ធ រកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតឲ្យក្រុមបម្រុង(ឈុតទី២) របស់ Bayern Munich ដែលកំពុងលេងក្នុងក្របខ័ណ្ឌ Regionalliga Bayern ក្នុងរដូវកាល២០១៨-២០១៩នេះ។ លោក Jochen Saier, ប្រធានបច្ចេកទេសក្លិប SC Freiburg បាននិយាយពីទេពកោសល្យរបស់ Jeong Woo-Yeong ខណៈដែលគាត់បានអះអាងថា នឹងឲ្យកីឡាករវ័យ១៩ឆ្នាំរូបនេះ ក្លាយជាកីឡាករលេងក្នុង Bundesliga ពេញលេញម្នាក់។
«Woo-Yeong គឺជាកីឡាករមានទេពកោសល្យម្នាក់ក្នុងចំណោមកីឡាករកូរ៉េខាងត្បូងទាំងអស់។ ភាពពេញចិត្តក្នុងការលេងបាល់ និងអារម្មណ៍ល្អគ្រប់ស្ថានភាព ជាមួយនឹងល្បឿនរបស់គាត់ គឺជាកំណត់សម្គាល់មួយ ពីព្រោះគាត់នៅក្មេងនៅឡើយ។ ពេលនេះយើងចង់ធ្វើការរួមគ្នាដើម្បីឲ្យគាត់ក្លាយជាកីឡាករពេញលេញម្នាក់នៅក្នុង Bundesliga។ ពេលវេលានឹងផ្ដល់ឲ្យពួកយើង»។
ចំណែកសាមីខ្លួនកីឡាករក៏បាននិយាយពីការផ្ទេរមក Freiburg ហើយបានថ្លែងអំណរគុណដល់ Bayern Munich «ខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការស្វែងរកការប្រកួតប្រជែងថ្មី ហើយក៏អរគុណដល់ Bayern Munich ដែលធ្វើឲ្យជំហានរបស់ខ្ញុំបានសម្រេច។
SC Freiburg គឺជាក្លិបល្អមួយដែលអាចឲ្យកីឡាករវ័យក្មេងមានទេពកោសល្យរីកចម្រើន ខ្ញុំចង់មានសកម្មភាពគ្រប់គ្រាន់ហើយជួយក្លិបទទួលបានលទ្ធផលជោគជ័យក្នុងរដូវកាលនេះ»។ អតីតយុវជនរបស់ Bayern Munich រូបនេះបានចូលលេងក្នុង Bundesliga លើកដំបូងក្នុងឆ្នាំ២០១៩នេះ ហើយរូបគេនឹងពាក់អាវលេខ២៩ឲ្យក្រុមថ្មីរបស់គេ៕ធ.ដ