ទឹកជំនន់ធ្ងន់ធ្ងរនៅស៊ូដង់ ឆក់យកជីវិតមនុស្សកើនដល់ ១៣២នាក់
ផត ស៊ូដង់៖ យ៉ាងហោចណាស់មនុស្ស ១៣២នាក់បានស្លាប់នៅក្នុងប្រទេសស៊ូដង់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះមហន្តរាយទឹកជំនន់។
ប្រជាជនស៊ូដង់បានជួបប្រទះនូវរដូវមានភ្លៀងធ្លាក់ខ្លាំង គិតចាប់តាំងពីខែមុនមក ដែលបណ្តាលឱ្យមានទឹកជំនន់ជាបន្តបន្ទាប់ ជាពិសេសនៅភាគខាងជើង និងខាងកើតនៃប្រទេស។
ក្រសួងសុខាភិបាលស៊ូដង់បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១៣២នាក់បានបាត់បង់ជីវិត ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ២០២៤នេះ។
ក្រសួងសុខាភិបាលស៊ូដង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនសរុបនៃរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់មានចំនួន១០រដ្ឋ ខណៈដែលចំនួនគ្រួសារដែលរងផលប៉ះពាល់បានកើនឡើងដល់ ៣១,៦៦៦គ្រួសារ និងប្រជាជនក្នុងតំបន់ចំនួន ១២៩,៦៥០នាក់។
បើតាមក្រសួងសុខាភិបាលស៊ូដង់ ផ្ទះចំនួន ១២,៤២០ខ្នងបានដួលរលំទាំងស្រុង ហើយ ១១,៤៧២ខ្នងផ្សេងទៀតបានដួលរលំដោយផ្នែកដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយការខូចខាតភាគច្រើន គឺនៅក្នុងរដ្ឋភាគខាងជើង និងទន្លេនីលរបស់ប្រទេសស៊ូដង់។
អាជ្ញាធរស៊ូដង់ និងអង្គការសហប្រជាជាតិ ក៏បានរាយការណ៍ពីការកើនឡើងករណីជំងឺអាសន្នរោគ ចំពេលមានភ្លៀងធ្លាក់ខ្លាំង។ អង្គការសុខភាពពិភពលោកកាលពីដើមខែសីហា ក៏បាននិយាយដែរថា ប្រទេសស៊ូដង់មានករណីជំងឺអាសន្នរោគយ៉ាងហោចណាស់ ១១,៣២៧ករណី ដែលក្នុងនោះមនុស្ស ៣១៦នាក់បានស្លាប់ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣៕ ប្រភព : AFP ប្រែសម្រួលដោយ: ឈឹម ទីណា