ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ដល់ក្រសួងការងារ ជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់កំព្យុទ័រ ចំនួន ១៥០ គ្រឿង ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

ពិធីប្រគល់ទទួលធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ថ្លែងក្នុងជំនួបមុនពិធីប្រគល់ និងទទួល ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។

បន្ថែមពីនេះ កិច្ចសហការរវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹងនិងការជំរុញបរិវត្តកម្មរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាពដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងជាផ្នែកដ៏សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្ទៀតផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ដែលផ្តោតលើកិច្ចការងារសំខាន់ៗសម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានព្រមព្រៀងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធើណែត សម្រាប់ប្រើប្រាស់ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner