ក្រុងបាងកករបស់ថៃ ត្រៀមបាវខ្សាច់ ទប់ទល់នឹងទឹកជំនន់

បាងកក៖ ទីក្រុងបាងកក របស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានត្រៀមបាវខ្សាច់យ៉ាងច្រើន ដើម្បីទប់ទល់នឹងទឹកជំនន់ ដែលអាចកើតមាន នាពេលខាងមុខ ពោលគឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ពាសពេញប្រទេសថៃ។

អភិបាលក្រុងបាងកក លោក ឆាតឆាត ស៊ីទីផាន់ (Chadchart Sittipunt) បាននិយាយថា «ចៀសជាង ព្រួយបារម្ភអំពីទឹកជំនន់នាភាគខាងជើង យើងក៏ព្រួយបារម្ភអំពីបរិមាណទឹកភ្លៀង នៅក្នុងទីក្រុងបាងកក ផ្ទាល់។ ប្រសិនបើទីក្រុងបាងកក ឃើញមានភ្លៀងធ្លាក់ខ្លាំង ដូចនៅឈៀងរ៉ៃ ខាងជើងនោះ ប្រហែលជាមានកម្ពស់ទឹកភ្លៀង ២០០ មីលីម៉ែត្រ ដែលវាពិបាកសម្រាប់យើង ក្នុងការដោះស្រាយ»។

ក្រុមការងារនៅក្នុងរាជធានីបាងកក បានរៀបចំការពារ មុនពេលមានទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២២នាក់ នេះបើយោងតាមមន្ត្រីផ្លូវការ។ មន្ត្រីបាននិយាយទៀតថា ក្រៅពីស្លាប់ ក៏មានមនុស្សចំនួន ១៩ នាក់ផ្សេងទៀត បានរងរបួស និងប្រជាជន ជាង៣ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន១៣ ត្រូវបានរងផលប៉ះពាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

ប្រភពក៏បានព្រមានផងដែរថា ខេត្តចំនួន៣១ នៅភាគខាងជើង និងឦសានរបស់ប្រទេសថៃ កំពុងប្រឈមនឹងទឹកជំនន់ ដែលអាចកើតមាន រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា។

ប្រទេសថៃឃើញមានភ្លៀងធ្លាក់ខ្លាំង ជារៀងរាល់ឆ្នាំ ប៉ុន្តែ ការប្រែប្រួលអាកាសធាតុ កាន់តែអាក្រក់ នាំឲ្យគ្រោះមហយន្តរាយ ក្នុងប្រទេសនេះ កាន់តែយ៉ាប់យ៉ឺន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner