រដ្ឋមន្ដ្រីក្រសួងសិកម្ម អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ សមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្រ ទាំងទុន បច្ចេកទេស និងទីផ្សារ ការកាត់បន្ថយការចំណាយ បង្កើនផលចំណេញ ព្រមទាំងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន ។
នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងបទបង្ហាញរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប ឱ្យដឹងថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនេះ ដែលមានសមាជិកចំនួន ៥៧គ្រួសារ និងមានផ្ទៃដីផលិតកម្ម ២៥១ហិកតា បានចុះបញ្ជី និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួនរួចហើយ។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម និងគ្រោងចាប់ផ្ដើមផលិតកម្មក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះបងប្អូនប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានពន្យល់អំពីមូលហេតុ ដែលក្រសួងជំរុញការចងក្រងសហគមន៍កសិកម្មទំនើប អត្ថប្រយោជន៍ដែលកសិករទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើបផងដែរ ៕
ប្រភព ៖ ក្រសួងកសិកម្ម