ព្យុះសង្ឃរា នាំឲ្យជប៉ុនបិទជើងហោះហើរ រថភ្លើង និងផ្លូវថ្នល់
បរទេស៖ ព្យុះទីហ្វុង Shanshan ត្រូវបានព្យាករណ៍ថា នឹងរំខានដល់សេវាកម្មដឹកជញ្ជូន នៅក្នុងប្រទេសជប៉ុន ខណៈព្យុះសង្ឃរាមួយនេះ កាន់តែខិតជិតមកដល់ នេះបើតាមកាសែត NHK ចេញផ្សាយ នៅថ្ងៃពុធនេះ។
ប្រតិបត្តិកររថភ្លើង Kyushu Shinkansen និយាយថា សេវាកម្មនឹងត្រូវបានផ្អាក រវាងស្ថានីយ៍ Kumamoto និងស្ថានីយ៍ Kagoshima-chuo ចាប់ពីម៉ោងប្រហែល ៨ យប់ ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍។
ក្រៅពីនេះ ក៏អាចនឹងមានការផ្អាក ឬការពន្យារពេល នៅលើខ្សែរត់ ខ្លះៗទៀត ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ ប្រតិបត្តិករកំពុងស្នើឱ្យប្រជាជនពិនិត្យមើលព័ត៌មានចុងក្រោយ ដោយកត់សម្គាល់ពីកាលបរិច្ឆេទ និងតំបន់ដែលរងផលប៉ះពាល់ ដែលអាចប្រែប្រួល អាស្រ័យលើដំណើរ របស់ព្យុះ។
ក្រុមហ៊ុន Japan Airlines និយាយថា ជើងហោះហើរចំនួន ៨២ ដែលភាគច្រើនទៅ និងមកពីទីក្រុង Kagoshima និងអាកាសយានដ្ឋាន នៅលើកោះតូចៗ នឹងត្រូវលុបចោល នៅថ្ងៃពុធ ដោយមានអ្នកដំណើរប្រហែល ៣៣០០ នាក់អាចនឹងមានការរអាក់រអួល។
ក្រុមហ៊ុន All Nippon Airways និយាយថា ជើងហោះហើរចំនួន ៨០ ដែលប្រើប្រាស់ព្រលានយន្តហោះ នៅ Miyazaki, Kagoshima និងកន្លែងផ្សេងទៀត នឹងត្រូវលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ជាង៥ពាន់នាក់ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ។
ផ្លូវល្បឿនលឿនអាចនឹងត្រូវរងការបិទ ឬការរំខាន។ មជ្ឈមណ្ឌលព័ត៌មានចរាចរណ៍ផ្លូវគោកជប៉ុននិយាយថា ផ្លូវ Tomei Expressway និង Shin-Tomei Expressway ក្នុងខេត្ត Shizuoka និង Aichi ត្រូវបានបិទមួយផ្នែក រួចហើយ។
ប្រតិបត្តិករផ្លូវល្បឿនលឿន និងក្រសួងដែនដី អំពាវនាវឱ្យប្រជាពលរដ្ឋ ពិចារណាផ្លាស់ប្តូរកាលវិភាគ និងតាមដានព័ត៌មានពីស្ថានភាពមធ្យោយបាយធ្វើដំណើរ ចុងក្រោយ៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត