ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះ សរបញ្ជាក់ឱ្យឃើញថាខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការកៀរគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ទាំងស្មារតី និងសម្ភារៈបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។ ការអបអរសាទរនេះ​ ធ្វើឡើងតាមបណ្តាញសង្គមតេឡេក្រាម​ នៅព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញអនាគតប្រទេសជាតិមានការរីកចម្រើន។ ម្យ៉ាងទៀត ការចូលរួមចលនាជាតិដ៏មានសារៈសំខាន់មួយនេះ ក៏ជាការបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបន្តថា​ ចំពោះទឹកចិត្ត និងស្មារតីសាមគ្គីភាពដ៏ក្លៀវក្លារបស់ប្រជាពលរដ្ឋគ្រប់ទិសទីនេះ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះការកសាងជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ភស្តុតាងប្រវត្តិសាស្រ្តទាំងអស់បានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលដែលមានជាក់ស្តែង និងដែលយើងបាន និងកំពុងអាស្រ័យផល នោះគឺសុខសន្តិភាព និងការអភិវឌ្ឍនេះឯង៕
ដោយ៖ពលជ័យ

ads banner