ក្រសួងអធិការកិច្ចសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល ១ឆ្នាំដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧
ភ្នំពេញ៖ ក្រសួងអធិការកិច្ច ក្នុងនាមជាអធិការកិច្ចរាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ក្នុងពិធីអបអរសាទរសមិទ្ធផលការងារ ១ឆ្នាំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគោរពថ្លែងនូវការដឹងគុណូបការៈ និងសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ ថ្នាក់ដឹកនាំកំពូលទាំងអស់ ចំពោះការផ្តល់នូវជំនឿទុកចិត្តជូន ឯកឧត្តម បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិកម្ពុជា សំដៅចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងបង្កើនភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រឆាំងដាច់ខាតចំពោះរាល់ការប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់មន្ត្រីបុគ្គលិក ទាំងអស់ ព្រមទាំងក្រុមគ្រួសារ គាំទ្រ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។
ការចូលរួមរបស់បងប្អូនទាំងអស់គ្នា មិនថាតិចក្តី ឬ ច្រើនក្តី នឹងបង្ហាញពីស្មារតីជាតិនិយម និងមហាសាមគ្គីជាតិខ្មែរ ព្រមទាំងជាឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់មជ្ឈដ្ឋាន បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង សំដៅថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕
ដោយ ហេង សម្បត្តិ