ចិនបង្ហើបគម្រោងជួយផ្នែកបច្ចេកទេសកីឡាបន្តដល់កម្ពុជាឈានទៅរកជោគជ័យក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ កម្ពុជានិងសាធារណរដ្ឋប្រជាមានិត ចិន បានធ្វើពិធីចុះហត្ថលេខាបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា និងចិន នៅអាគារមជ្ឈមណ្ឌលជាតិមកហ្វឺនកីឡា ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ជំទាវ ZHONG JIE អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

លោក ជំទាវ ZHONG JIE មានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដែកថែមតែងតែ​ជួយ​គ្នា​ទៅវិញទៅមកក្នុងគ្រាលំបាក ហើយក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ភាគីចិនមិនត្រឹមតែបាន​ជួយរាប់រង​សាងសាងពហុកីឡដ្ឋានជាតិមរតកតេជោជូនកម្ពុជាប៉ុណ្ណោះទេ ភាគីចិនក៏ជួយជា​គម្រោងជំនួយបច្ចេកទេសកីឡាដូចជា បញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូចិនមកបង្ហាត់នៅកម្ពុជាផងដែរ។ ហើយ ការជួយទាំងអស់នេះ បានធ្វើឱ្យ​កម្ពុជាទទួលបានជោគជ័យ ដោយអត្តពលិកប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ​ជាច្រើនជូនកម្ពុជា។ លោក ជំទាវ អះអាងថា ទោះបីគម្រោងជំនួយបច្ចេកទេសកីឡានៅ​ពេលនោះ មានការរារាំងដោយជំងឺកូវិដយ៉ាងណាក្តី ក៏ចិននិងបានបានពុះពាររហូត​ជួយផ្តល់ការហ្វឹកហាត់ជូនអត្តពលិកកម្ពុជាទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយកម្ពុជាដណ្តើមបានចំណាត់លេខ​៤ក្នុងចំណោម១១ប្រទេសក្នុងតំបន់អាស៊ាន សរុបមេដាយដណ្តើមបានចំនួន ២៨២គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦គ្រឿង ប្រាក់៧៤គ្រឿង និងមាស៨១គ្រឿង។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសកីឡាដែលចិនបានជួយកម្ពុជា លើ១២ប្រភេទកីឡា​ទៅហ្វឹក​ហាត់​នៅប្រទេសចិនបានបញ្ចប់គម្រោងហើយ ។ ហើយគម្រោងថ្មីដែលគ្រោងចុះ​ហត្ថលេ​ខា​បន្ត​លើការជួយជំនួយបច្ចេកទេសកីឡា តាមរយៈការជួយពីសំណាក់ភាគីចិន គឺគម្រោងសម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ឯកឧត្តម អះអាងថា នេះជាការបង្ហើបប្រាប់ពីភាគីចិន ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាព​អត្ថពលិក​កម្ពុជាឈានទៅរកការប្រជែងដណ្តើមបានមេដាយដោយគុណភាព។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ជាក់ស្តែងសម្រាប់គម្រោងជំនួនបច្ចេក​ទេស​កីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បានជួយឱ្យគុណផលរបស់អត្តពលិកកម្ពុជា​រីកចម្រើន និងទទួលបានលទ្ធផល្អ គឺការប្រជែងដណ្តើមបានមេដាយយ៉ាងច្រើនជូន​កម្ពុជា​។

គួរឱ្យដឹងដែរថា តាមការបញ្ជាក់ពីឯកឧត្តម រដ្ឋលេខាធិការ គម្រោងជំនួយបច្ចេកទេស​កីឡារបស់ភាគីចិនគ្រោងនឹងជួយបន្តដល់កម្ពុជាដែលនិងអនុវត្តឆ្ពោះទៅកីឡាយុវជនឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងក្លាយជាផ្នែកមួយជួយឱ្យកម្ពុជាឈានទៅសម្រេចក្តីស្រម៉ៃបង្កើនចំនួនមេដាយពីកីឡាអេស៊ានហ្គេមនៅជប៉ុនឆ្នាំ២០២៦ ពិសេស គឺឈានទៅសម្រេចផែនការឱ្យអត្តពលិកកម្ពុជាជាប់ការប្រកួតជម្រុះ​អូឡាំពិក​ក្លាយ ជាកី ឡាករ ការិនីពេញសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ សហរដ្ឋ​អាមេរិកក្នុងឆ្នាំ២០២៨ ៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner