កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ និងជួយជំរុញដល់យុវជន ឡាយ សំណាង ដែលមានពិការភាព ឱ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រ
(ភ្នំពេញ)៖ ក្រោយពីបានឃើញព័ត៌មានពីករណីខាងលើនេះតាមបណ្តាញសង្គម Tik Tok, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពរស់នៅផ្ទាល់របស់គ្រួសារយុវជន ឡាយ សំណាង ដើម្បីផ្តល់នូវការឧបត្ថម្ភឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សារហូតសម្រេចបានក្តីស្រមៃបញ្ចប់ថ្នាក់អនុបណ្ឌិត និងជួយសម្រាលការលំបាកខាងផ្នែកជីវភាពរស់នៅ។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងជួយដោះស្រាយខាងផ្នែកជីវភាពរស់នៅជាបន្តបន្ទាប់ សំខាន់បំផុតគឺមានថវិកាវេរតាមគណនីធនាគារដើម្បីឱ្យក្មួយ ឡាយ សំណាង និងប្អូនស្រីឈ្មោះ ឡាយ ចាន់ថុនា ត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏បានជំរុញលើកទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។ ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់សិក្សានុសិស្ស និងក្មួយៗដែលមានការលំបាកខាងផ្នែកជីវភាពយ៉ាងណាក៏ដោយ គឺសុំលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ជួយជំរុញកូនៗឱ្យបានទៅសាលារៀនដើម្បីមានអនាគតល្អ ហើយក្នុងនាមយុវជនខ្លួនឯងត្រូវខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះវិជ្ជា ព្រោះថា មានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើការងារបាន និងចៀសផុតពីភាពក្រីក្រ។
លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា គឺកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា – ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។»
ជាកិច្ចឆ្លើយតប យុវជន ឡាយ សំណាង និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
«ទោះបីជាមានពិការភាពផ្នែកកាយសម្បទាមែនពិត ដែលធ្លាប់បានឆ្លងកាត់ការវះកាត់ជើងជាដំណាក់កាលៗរហូតដល់ទៅ១៨លើករួចមកហើយក្តី ប៉ុន្តែទឹកចិត្តនិងការគិតគូរពីអនាគតរបស់យុវជន ឡាយ សំណាង គឺមិនពិការឡើយ ព្រោះរូបគេយល់ច្បាស់ថា មានតែការព្យាយាមសិក្សារៀនសូត្រតែមួយមុខគត់ដែលអាចធ្វើឱ្យអនាគតភ្លឺស្វាងនាពេលអនាគតបាន ជាពិសេសមានក្តីស្រមៃចង់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទៀតផង។»
យុវជន ឡាយ សំណាង អាយុ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី១១D នៃវិទ្យាល័យក្រុង កំពង់ឆ្នាំង រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនត្រឹមតែមានពិការភាព ជើងមួយចំហៀងនោះទេ ដោយតម្រូវឱ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផង តែទោះបីជាបែបនេះក្ដី ក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ទាំងដែលខ្លួនពិការពិបាកក្នុងការធ្វើដំណើរហើយ គ្រួសារក៏មានជីវភាពខ្វះខាតទៀតផង ខិតខំជម្នះបញ្ហាគ្រប់បែបយ៉ាងបន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។
សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងតាមរយៈ រំដួលធីវី ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ផងដែរ៕
ដោយ / គ្រី សម្បត្តិ