គណៈកម្មការទី៥ព្រឹទ្ធសភា ចុះស្វែងយល់វិស័យសំខាន់ៗនៅខេត្តបាត់ដំបង
បាត់ដំបង៖គណៈប្រតិភូនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន(គណៈកម្មការទី៥) របស់ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តដើម្បីស្វែងយល់ពីដំណើរការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការងារ និង ការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ក្នុងខេត្ត។
ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបងកាលពីដើមសប្ដាហ៍នេះ ឯកឧត្តម សុខ លូ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពមន្ទីរជំនាញនីមួយៗបានរាយការណ៍ដោយសង្ខេបជូនគណៈប្រតិភូអំពីស្ថានភាពវឌ្ឍនភាពនៃវិស័យនីមួយៗរបស់ខ្លួន។ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង រក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈក្នុងខេត្ត។ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានធ្វើឱ្យបទល្មើសនានាមានការថយចុះ។ជាពិសេសអត្រាគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងថមថយចុះ។
ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃ ព្រឹទ្ធសភា បានកោតសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងនិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយភាពសុខសាន្ត។ឯកឧត្តមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរនិងកងកម្លាំងប្រចាំការនៅតាមបន្ទាត់ព្រំដែនត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃនិងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការបង្ការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសកិច្ចសហការដោះស្រាយនូវរាល់បាតុភាពផ្សេងៗនៅតាមបន្ទាត់ព្រំដែន ដោយឈរលើស្មារតីមិត្តភាពសាមគ្គីភាពនិងការគោរពនូវអធិបតេយ្យគ្នាទៅវិញទៅមក។
សូមជម្រាបថា ខេត្តបាត់ដំបង មានព្រំដែនជាប់ប្រទេសថៃ ប្រមាណជាង១៤៤គីឡូម៉ែត្រ។មានច្រកទ្វារព្រំដែនចំនួន៥ ក្នុង
នោះច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ (ច្រកអន្តរជាតិ គីឡូ១៣ ក្នុងស្រុកសំពៅលូននិងច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង)ដែលមានទំនាក់ទំនងនិងសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យជាមួយភាគីប្រទេសថៃ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប