ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន រៀបចំសិក្ខាសាលា ជំរុញកំណើនអ្នកវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនមកកាន់ប្រទេសកម្ពុជា
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីសិក្ខាសាលាវិនិយោគ ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលចាប់តាំងពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ននេះ ចំណងមិត្តភាពទ្វេភាគី កម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជប៉ុន អង្គការ JETRO មជ្ឈមណ្ឌលអាស៊ានជប៉ុន ព្រមទាំងសកម្មភាពជាច្រើនរបស់ស្ថានទូត ដែលបានរៀបចំកន្លងមក និងបានកំពុងអនុវត្តបន្តទៀតតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ជាពិសេសពិព័រណ៍កម្ពុជា ដែលទើបបានបញ្ចប់ដោយជោគជ័យកាលពីខែឧសភាថ្មីៗនេះ ការរៀបចំសិក្ខាសាលាវិនិយោគ ទិវាវប្បធម៌ ពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ ជាដើម។
ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះវិនិយោគិនជប៉ុន ដែលបានកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុង ១ឆ្នាំ ២ដង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំវេទិកា ជួបពិភាក្សា ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាកង្វល់ជូនធុរជន និងអ្នកវិនិយោគជប៉ុន ដែលមានការចូលរួមដោយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធុរជន និងអ្នកវិនិយោគជប៉ុននៅទីនោះ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគិនជប៉ុន ឱ្យពិនិត្យលទ្ធភាពទៅដាក់ទុនវិនិយោគ និងធ្វើធុរកិច្ចពាណិជ្ជកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ខណៈដែលក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួន បានកំពុងបើកដំណើរការក្រុមហ៊ុន និងរោងចក្រខ្លួននៅកម្ពុជារួចហើយ ជាពិេសស ក្រុមហ៊ុន Minebea Cambodia ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន និងរោងចក្រតម្លើងរថយន្ត Toyota (Tsusho) ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ A2A Town Cambodia មន្ទីរពេទ្យ Sunrise ធនាគារស្ថាបនា និង ធនាគារ Mizuho ។ល។
ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិន និងធុរជនជប៉ុន មានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ បានធ្វើឱ្យអ្នកចូលរួមបានយល់កាន់តែច្បាស់ពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា របបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ កិច្ចសម្រួលវិនិយោគ ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគជាដើម ។
សូមបញ្ជាក់ថា ៖ សិក្ខាសាលានេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរ និងការរៀបចំម្ហូបអាហារខ្មែរទទួលភ្ញៀវអ្នកចូលរួមផងដែរ ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារផលិតផលខ្មែរ និងលើកស្ទួយម្ហូបអាហារខ្មែរ ក្នុងទិសដៅជំរុញកំណើនអ្នកវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ៕
ដោយ / គ្រី សម្បត្តិ