ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំចុងក្រោយ ត្រៀមប្រឡងប្រជែងជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួនពីរ
(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។
ឆ្ពោះទៅកាន់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យការងារ និងផ្តល់អនុសាសន៍ ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានា ក្នុងការត្រៀម លក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមាន ការអញ្ជើញចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធានអនុគណៈកម្មការនានា និងមន្រ្តីជំនាញ ជាច្រើនរូប។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានមានប្រសាសន៍ ពីវឌ្ឍនភាពនៃការរៀបចំដំណើរការប្រឡងប្រជែងកន្លងមកគឺទទួលបានលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់ និងមោទភាព និងបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអនុគណៈកម្មការនានា ដែលបានអនុវត្ត លើកិច្ចការងារប្រឡងប្រជែងកន្លងមកដោយទទួលបានប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីបានស្តាប់បទបង្ហាញរបាយការណ៍ជុំវិញដំណើរការរៀបចំការប្រឡងប្រជែងនាពេលខាងមុខ របស់ក្រុមការងារជំនាញ រួចមក អង្គប្រជុំបានពិភាក្សាពិគ្រោះយោបល់ទៅលើ បទពិសោធនៃការអនុវត្តកន្លងមក ទៅលើការសម្រេចបាន ការខ្វះចន្លោះ និងទិសដៅអនុវត្តបន្ត នៃការប្រឡងប្រជែង នាពេលខាងមុខ ដើម្បីធានាបានការរៀបចំ និងការអនុវត្ត កិច្ចការប្រឡងនាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត។
សូមជម្រាបជូនថា ដំណើរការប្រឡងប្រជែងនឹងប្រព្រឹត្តទៅ ដូចខាងក្រោម៖
-ការប្រឡងប្រជែងក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រពឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល
-ការប្រឡងប្រជែងក្នុងក្របខណ្ឌក្រសួង អប់រំ យុវជន និងកីឡា (គ្រូបង្រៀននៅមត្តេយ្យសិក្សា) នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕
ដោយ ៖ វណ្ណលុក