ក្រោយបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតអាជ្ញាធរជាតិអប្សរាបន្តជួសជុល ទបង្ហូរ ទឹកផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធវិញម្តង
(ភ្នំពេញ)៖ អំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិ អប្សរាបានធ្វើការ ជួស ជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក បានបញ្ចប់ដោយជោគជ័យ និងពេលនេះកំពុងបន្តការជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង ។
ទាក់ទិនក្នុងរឿងនេះលោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖តាំងតែពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែលប្រឈម និង គ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។
លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើមជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្តង។ ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅជួសជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទនាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងជណ្តើរខាងលិច នៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូង នៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើត នៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច នៃប្រាសាទនាគព័ន្ធ ដោយបចាប់ផ្តើមជួសជុលតាំងពីដើមខែឧសភា ឆ្នាំ២០២៤មក៕
ដោយ ៖ ម៉ាដេប៉ូ