វិនិយោគិនចិនចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន បានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការបើកសម្ពោធសាលាអន្តរជាតិហ៊ួស៊ីន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅបុរី Grand Phnom Penh city ក្នុងគោលបំណងបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់សម្រាប់សិស្សនៅកម្ពុជា និងសិស្សមកពីចិន។

ថ្លែងក្នុងពិធីបើកសម្ពោធក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន ក្រោមប្រធានបទ «មិត្តភាពកម្ពុជា-ចិន អប់រំដើម្បីអនាគត ផ្តល់ភាពកក់ក្តៅដល់គ្រួសារអ្នក» លោក ស៊ូ ហ៊ូ នាយកសាលាអន្តរជាតិហ៊ួស៊ីន បានមានប្រសាសន៍ថា ផ្នត់គំនិតរបស់សាលា គឺតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ វប្បធម៌ និងភាពរីកចម្រើន ដើម្បីពង្រឹងដល់ការអភិវឌ្ឍ ដោយបានរួមបញ្ចូលបច្ចេកវិទ្យាសំខាន់ៗចំនួន៤ និងបានទទួលយកការបង្រៀនមាន៣ភាសា គឺចិន អង់គ្លេស និងខ្មែរ។ លោកនាយកបន្ថែមថា ប្រការផ្តល់នេះ គឺដើម្បីបណ្តុះសិស្សឲ្យពូកែ សំដៅបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ សម្រាប់សិស្សមកពីប្រទេសកម្ពុជា និងប្រទេសចិន។

លោក លាវ អឺលី ប្រធានកិត្តិយសសាលាក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេ សិនណល ស្គូល (ខេមបូឌា) ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ ព្រមទាំងបានអះអាងយ៉ាងពេញទំហឹងនូវសារៈសំខាន់នៃការបង្កើតស្ថាប័នអប់រំនេះ។ លោកបានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់ធនធានអប់រំដែលមានគុណភាពខ្ពស់បំផុត ជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សគ្រប់រូបនៅទីនេះមានអនាគតភ្លឺស្វាង។

មូលនិធិហ៊ួស៊ីនបានប្រគល់បរិច្ចាគប័ណ្ណវគ្គសិក្សាទូទៅចំនួន២០សន្លឹក និងប័ណ្ណជំនាញចំនួន២០០សន្លឹកទៅដល់សិស្សក្រីក្រកម្ពុជា ដើម្បីជួយពួកគេឲ្យបានបញ្ចប់ការសិក្សា ដើម្បីតបស្នងជូនសង្គមជាតិវិញ។
នាឱកាសនោះដែរ គណៈអធិបតីកម្ពុជា និងចិនបានរៀបចំពិធីកាត់ខ្សែបូរណ៍បើកដំណើរការសាលាអន្តរជាតិហ៊ួស៊ីន និងបង្ហាញពីភាពជោគជ័យជាផ្លូវការរបស់ក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេសិនណល ស្គូល (ខេមបូឌា) និងប្រកាសពីជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងចិន។ បន្ទាប់មកគណៈអធិបតីបានអញ្ជើញទស្សនាសម្ភារៈបរិក្ខារក្នុងបរិវេណសាលា និងសិក្សាពីទស្សនវិជ្ជា និងផែនការអភិវឌ្ឍន៍របស់សាលា ហើយគណៈអធិបតីបានលើកសរសើរ និងវាយតម្លៃខ្ពស់អំពីបរិក្ខារអប់រំដ៏ទំនើបរបស់សាលា និងបរិយាកាសសិក្សាប្រកបដោយផាសុកភាព៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner