រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ប្រកាសឈប់ទទួលរូបិយប័ណ្ណលើការបង់ថ្លៃសេវាសាធារណៈ
(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសឈប់ទទួលការបង់ថ្លៃសេវាសាធារណៈជាប្រាក់សុទ្ធទៀតហើយ គ្រាដែលក្រសួងបានដាក់ឱ្យប្រើប្រាស់ការទូទាត់លើប្រព័ន្ធគណនីធនាគារ តាមរយៈ KHQR Code នៅគ្រប់ច្រកចេញ-ចូលទាំងអស់ ។
ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីជាការស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់ ក៏ដូចទទួលយកនូវសំណូមពររបស់វិស័យមួយនេះ សំដៅជំរុញអភិវឌ្ឍន៍សមត្ថភាព និងគុណភាពផលិតផលសម្រាប់ប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ខណៈវិស័យនេះចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣ភាគរយនិងផ្តល់ការងារលើសពី៧០ភាគរយ ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងបានធ្វើទំនើបកម្មស្ថាប័នទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដោយក្នុងនោះបានធ្វើការកែសម្រួលកិច្ចការសាធារណៈជាច្រើនមកហើយ ដែលមានទាំងការធ្វើឌីជីថលរូបនីយកម្មនៃសេវាសាធារណៈ ដើម្បីកាត់បន្ថយពេលវេលា ធានាបានគណនេយ្យភាព តម្លាភាព និងកាត់បន្ថយការចំណាយក្រៅផ្លូវការ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏ទទួលយកនូវបញ្ហាប្រឈម និងសំណូមពរនានា របស់អ្នកប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជាមូលដ្ឋានយកទៅអភិវឌ្ឍន៍ឱ្យវិស័យនេះ ក្លាយជាកម្លាំងចលករ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
យោងតាមរបាយការណ៍របស់ឧកញ៉ា តែ តាំងប៉រ សហប្រធានក្រុមការងារផ្នែកកម្មន្នសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ន វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ជួបផលពិបាកក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលធនាគារទាមទារឱ្យមានទ្រព្យបញ្ចាំ, ការសិក្សាពីប្រវត្តិរបស់អតិថិជន (CBC) នៅតែតឹងរឹងដដែល, និងមិនបានសិក្សាអំពីសក្តានុពលមុខរបរបច្ចុប្បន្នរបស់អតិថិជនជាជាងគិតពីអតីតកាលដែលបានបង់។
ជាមួយគ្នានេះ ក៏ជាបញ្ហានឹងការលក់មានការធ្លាក់ចុះ ខណៈខ្សែច្រវាក់ផលិតកម្ម ពឹងផ្អែកលើម៉ាស៊ីន ដើរដោយប្រេងម៉ាសូត ដែលធ្វើឱ្យផ្នែកសហគ្រាសផលិតខាតបង់ចំណូល និងប៉ះពាល់ដល់ថ្លៃដើមជាខ្លាំង បើទោះបីញ្ហាតម្លៃអគ្គិសនីប្រើប្រាស់សម្រាប់វិស័យនេះ ដែលរាជរដ្ឋាភិបាលបានអនុគ្រោះហើយ ប៉ុន្តែការអនុវត្តនៅមិនទាន់បានពេញលេញនៅឡើយទេ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា