ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំសិក្ខាសាលាវិនិយោគស្តីពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ដើម្បីជំរុញកំណើនអ្នកវិនិយោគិនជប៉ុននិងអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីសិក្ខាសាលាវិនិយោគ ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)” កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, ឯកឧត្តម IWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, វាគ្មិនកិត្តិយស ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក Yukihiro Ikawa ប្រធានសមាគម Tokyo New Business Conference (NBC) និងជាប្រធានក្រុមហ៊ុន Creek and River Co., Ltd. ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលជាសមាជិកសមាគម NBC និងសមាជិកនៃសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សរុបប្រមាណ ៥០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលចាប់តាំងពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ននេះ ចំណងមិត្តភាពទ្វេភាគី កម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជប៉ុន អង្គការ JETRO មជ្ឈមណ្ឌលអាស៊ានជប៉ុន ព្រមទាំងសកម្មភាពជាច្រើនរបស់ស្ថានទូត ដែលបានរៀបចំកន្លងមក និងបានកំពុងអនុវត្តបន្តទៀតតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ជាពិសេសពិព័រណ៍កម្ពុជា ដែលទើបបានបញ្ចប់ដោយជោគជ័យកាលពីខែឧសភាថ្មីៗនេះ ការរៀបចំសិក្ខាសាលាវិនិយោគ ទិវាវប្បធម៌ ពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ ជាដើម។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះវិនិយោគិនជប៉ុន ដែលបានកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុង ១ឆ្នាំ ២ដង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំវេទិកា ជួបពិភាក្សា ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាកង្វល់ជូនធុរជន និងអ្នកវិនិយោគជប៉ុន ដែលមានការចូលរួមដោយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធុរជន និងអ្នកវិនិយោគជប៉ុននៅទីនោះ។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគិនជប៉ុន ឱ្យពិនិត្យលទ្ធភាពទៅដាក់ទុនវិនិយោគ និងធ្វើធុរកិច្ចពាណិជ្ជកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ខណៈដែលក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួន បានកំពុងបើកដំណើរការក្រុមហ៊ុន និងរោងចក្រខ្លួននៅកម្ពុជារួចហើយ ជាពិេសស ក្រុមហ៊ុន Minebea Cambodia ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន និងរោងចក្រតម្លើងរថយន្ត Toyota (Tsusho) ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ A2A Town Cambodia មន្ទីរពេទ្យ Sunrise ធនាគារស្ថាបនា និង ធនាគារ Mizuho ។ល។
ថ្លែងក្នុងកាសនោះដែរ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម IWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ព្រមទាំងលោក Yukihiro Ikawa ប្រធានសមាគម NBC បានកោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែង និងសមិទ្ធផលនានា ដែលស្ថានទូតកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តមដែលជាភ្ញៀវកិត្តិយសទាំងអស់ បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសិលាវិនិយោគនេះឡើង ហើយបានស្នើសុំស្ថានទូតកម្ពុជា បន្តរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះបន្តទៀត ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិនកិត្តិយស ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិន និងធុរជនជប៉ុន ដែលបានចូលរួម បានជ្រាបនិងកាន់តែយល់ច្បាស់អំពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា របបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ កិច្ចសម្រួលវិនិយោគ ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគជាដើម។ ឯកឧត្តមទីប្រឹក្សា បានមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ វិនិយោគិន និងធុរជនជប៉ុន ដែលចូលរួមផ្ទាល់នៅទីនេះ នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការវិនិយោគ ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ជាលទ្ធផល ប្រធានក្រុមហ៊ុន ប្រមាណជាង ២០ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ហើយបានបញ្ជាក់ពីការអញ្ជើញទៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ។
តាមរយៈការអះអាងពី លោក Yukihiro Ikawa ប្រធានសមាគម NBC បានជម្រាបថា សមាគមរបស់លោក នឹងសម្របសម្រួលដឹកនាំក្រុមហ៊ុនទាំងអស់នេះទៅកាន់ប្រទេសកម្ពុជា នៅដើមខែកញ្ញាខាងមុខនេះ ដោយគ្រោងជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មផងដែរ ដើម្បីទទួលបាននូវអនុសាសន៍ណែនាំបន្ថែមលើដំណើរការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
នៅក្នុងកម្មវិធីសិក្ខាសាលានេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរ និងការរៀបចំម្ហូបអាហារខ្មែរទទួលភ្ញៀវអ្នកចូលរួមផងដែរ ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារផលិតផលខ្មែរ និងលើកស្ទួយម្ហូបអាហារខ្មែរ ក្នុងទិសដៅជំរុញកំណើនអ្នកវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន