ដំណាំស្រូវនៅស្រុកចំនួនបួននៃខេត្តបន្ទាយមានជ័យប្រឈមការខ្វះទឹក
បន្ទាយមានជ័យ៖តាមសេចក្តីរាយការណ៍របស់មន្រ្តីជំនាញនៃខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បើទោះបីជាពេលនេះជារដូវវស្សាក្តី ក៏ដំណាំស្រូវមិនប្រកាន់រដូវមួយចំនួននៅស្រុកចំនួនបួនកំពុងមានបញ្ហាខ្វះទឹក ខណៈនេះការអន្តរាគមន៍ក៏កំពុងតែមមាញឹកដែរ។
ទាក់ទងនឹងដំណាំស្រូវខ្វះដែលកំពុងកើតឡើងនៅស្រុកទាំងបួននេះ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត,មន្ត្រីជំនាញនិង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យនិងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅស្រុកទាំងបួន គឺស្រុកភ្នំស្រុក ស្រុកថ្មពួក ស្វាយចេក និងស្រុកមង្គលបូរី។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ដំណាំស្រូវមិនប្រកាន់រដូវនៅស្រុកទាំងបួនកំពុងប្រឈមនឹងបញ្ហាទឹក បើទោះជាក្នុងរដូវវស្សាក្ដី ។នោះក៏ដោយសារភ្លៀងធា្លក់រាយប៉ាយមិនគ្រប់គ្រាន់។ ជារួមដំណាំស្រូវទាំងនេះកំពុងជួយសង្គ្រោះ ដោយក្រុមការងារមន្ទីរធនធានទឹក រួម ជាមួយសហគមន៍ប្រើប្រាស់ទឹកនិងអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងរឿងនេះដែរលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្រូវមិនប្រកាន់រដូវ ទូទាំងខេត្តបានធ្វើលើសផែននិងលើសបរិមាណទឹកមានក្នុងប្រភពទឹកជាមួយរបាយទឹកភ្លៀងមិនគ្រប់គ្រាប់។លោកបន្តថាផែនការតែ៥៥ ០០០ ហិកតា តែកសិករធ្វើបាន២២០ ០០០ហិកតា។ប៉ុន្តែដំណាំដែលមានផលប៉ះពាល់ នឹងមិនខូចខាតទាំងស្រុងឱ្យតែមានភ្លៀងធ្លាក់គ្រប់គ្រាន់ ។
លោក ណាត់ ឈូង ក្រុមប្រឹក្សាឃុំណាតៅ តំណាងឱ្យប្រជាកសិករនៅស្រុកភ្នំស្រុក បានបង្ហាញនូវសេចក្តីត្រេកអរចំពោះការជួយ
អន្តរាគមន៍របស់មន្ទីរជំនាញនិងថ្នាក់ដឹកនាំខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា គិតចាប់ពីដើមខែកក្កដាមកដល់ថ្ងៃទី ២៧ខែសីហា ភ្លៀងធ្លាក់តាមតំបន់ ហើយតិចតួចដែលធ្វើឱ្យដំណាំស្រូវ មានឃុំរហាត់ទឹក ចំណោម អូរប្រាសាទនិងឃុំភ្នំតូច ក្នុងស្រុកមង្គលបូរី និងស្រុកស្វាយចេក ស្រុកថ្មពួក រងផលប៉ះពាល់ដោយកន្លែង ។ក្នុងនេះមានឃុំណាំតៅ ស្រុកភ្នំស្រុកផងដែរ ។លោកបន្តដោយសុទិដ្ឋិនិយមថាជាទូទៅខេត្តបន្ទាយមានជ័យ ដំណាំស្រូវ អាចសង្គ្រោះបានព្រោះនឹងមានធ្លាក់គ្រប់គ្រាន់ពេលខាងមុខ។នេះបើតាមអ្នកជំនាញផ្នែកឧតុនិយមឱ្យដឹង ៕
ដោយ៖គៀន ច័ន្ទហ៊ីន