ផ្ទុះកង់យន្តហោះនៅអាមេរិក ស្លាប់មនុស្សពីរនាក់
បរទេស៖ បុគ្គលិកពីរនាក់បានស្លាប់ ហើយម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ អំឡុងហេតុការណ៍ផ្ទុះកង់យន្តហោះ នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយរបស់កាសែត The Guardian កាលពីថ្ងៃអង្គារ។
អាជ្ញាធរក្នុងរដ្ឋ Georgia បានឲ្យដឹងថា កង់យន្តហោះ Boeing 757 មួយគ្រឿងនេះ បានផ្ទុះក្នុងពេលស្ថិតក្រោមការថែទាំ នៅឯអាកាសយានដ្ឋាន Hartsfield-Jackson ខណៈដែលកម្មករ បានផ្លាស់ប្តូរកង់ យន្តហោះ។
មេប៉ូលីសប្រចាំទីក្រុង Atlanta លោក Maj Kelley Collier បានប្រាប់អ្នកយកព័ត៌មានថា ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតប ទៅនឹងការហៅទូរស័ព្ទ អំពីការផ្ទុះសំបកកង់ នៅឯកន្លែងថែទាំប្រតិបត្តិការបច្ចេកទេស របស់ព្រលានយន្តហោះ នៅម៉ោងប្រហែល ៥ ព្រឹក ថ្ងៃទី២៧ខែសីហា។
អត្តសញ្ញាណបុគ្គលិកដែលបានស្លាប់ មិនទាន់ត្រូវបានគេប្រាប់ឱ្យដឹងភ្លាមៗនោះទេ ហើយអ្នកដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក៏មិនត្រូវបានប្រាប់ពីស្ថានភាពយ៉ាងណានោះដែរ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Delta ដែលគ្រប់គ្រងយន្តហោះមួយគ្រឿងនេះ កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការស៊ើបអង្កេតពេញលេញ ដើម្បីកំណត់នូវអ្វី ដែលជាមូលហេតុ ឲ្យពិតប្រាកដ។
សហជីប IAM អះអាងថា ខ្លួនតំណាងឱ្យបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ជាង១០ម៉ឺននាក់ នៅទូទាំងសហរដ្ឋអាមេរិក ជំរុញឲ្យស៊ើបអង្កេតពេញលេញ លើហេតុការណ៍នេះ។ ហេតុការណ៍នេះបានកើតឡើង ក្នុងពេលដែល យន្តហោះប្រភេទ Boeing បានជួបហេតុការណ៍អាក្រក់ ផ្ទួនៗ នាប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ នាំឲ្យមានការរុះរើក្បាលម៉ាស៊ីនដឹកនាំ ទៀតផង៕
ប្រភពពី The Guardian ប្រែសម្រួល៖ សារ៉ាត