ផ្នូរសម័យរ៉ូម៉ាំង អាយុកាលជាង១ពាន់ឆ្នាំ បើកឲ្យចូលមើល
បរទេស៖ អាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែលបានអះអាង កាលពីថ្ងៃអង្គារថា ខ្លួននឹងបើកឲ្យចូលមើល ជាសាធារណៈ នូវផ្នូរបុរាណសម័យរ៉ូម៉ាំង ចំនួនពីរ ដែលតុបតែងដោយផ្ទាំងគំនូរ នៃតួលេខទេវកថា ក្រិក។
បុរាណវិទូ បានប្រាប់ថា ផ្នូរទាំងពីរនេះ មានអាយុកាល ជាង១៦០០ឆ្នាំ ហើយត្រូវបានគេរកឃើញ ជាងកន្លះសតវត្សមុន មានទីតាំងស្ថិតនៅក្បែរកំពង់ផែ នៃទីក្រុង អេស កេ ឡន (Ashkelon) ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅចន្លោះ តំបន់លំនៅដ្ឋាន និងសួនច្បារសាធារណៈ។
បុរាណវិទូរូបនេះ បានពន្យល់ថា «ទីក្រុង អេស កេ ឡន (Ashkelon) មានប្រវត្តិ និងអតីតកាលដ៏សម្បូរបែប ឆ្លងកាត់សម័យកាល ជាច្រើន និងវត្តមានវប្បធម៌ដ៏ចម្រុះ»។
បើតាមលោកស្រី បុរាណវិទូ កូហ្គាន់ ហ្សេហាវី (Kogan-Zehavi) បានឲ្យដឹងថា មានតែផ្នូរលាបពណ៌បែបនេះ ចំនួន៨ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ នៅអ៊ីស្រាអែល។ ក្នុងចំណោមនេះ មានតែពីរ នៅទីក្រុង អេស កេ ឡន (Ashkelon) ដែលនឹងបើកសម្រាប់ការទស្សនាជាក្រុម ចាប់ពីខែតុលា ខាងមុខ។ ប្រភពបន្ថែមទៀតថា ទីក្រុងមួយនេះ ធ្លាប់ជាទីក្រុងដ៏សំខាន់បំផុត នៅសម័យរ៉ូម៉ាំង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត