សេដ្ឋីឥណ្ឌាប៉ាវបុគ្គលិក ម្តង៤.៥០០នាក់ ទៅដើរលេងនៅវៀតណាម
ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយថា មហាសេដ្ឋីឥណ្ឌា លោក Dilip Shanghvi ដែលជាម្ចាស់ក្រុមហ៊ុនឱសថ Sun Pharmaceutical Industries Limited បានចំណាយលុយ ប៉ាវបុគ្គលិក ចំនួន៤.៥០០នាក់ ទៅលេងកម្សាន្ត នៅប្រទេសវៀតណាម រយៈពេលពីរសប្តាហ៍។
ក្រុមហ៊ុន Vietravel ដែលទទួលកញ្ចប់ទេសចរណ៍នេះ បាននិយាយថា ទេសចរឥណ្ឌាទាំងនេះ បាននិងកំពុងលេងកម្សាន្ត នៅវៀតណាម ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា។ ប្រភពបន្តថា ពួកគេត្រូវទៅកន្លែងទេសចរណ៍ល្បីៗ ភាគច្រើន នៅទីក្រុងហាណូយ មុនពេលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ ខេត្ត Ninh Binh និងខេត្ត Ha Long។ ភ្ញៀវទេសចរឥណ្ឌាទាំងនេះ បានកក់សណ្ឋាគារស្នាក់នៅប្រណិតៗ ដែលមានចាប់ពីលំដាប់ផ្កាយ ៤ ទៅ លំដាប់ផ្កាយ ៥។
ប្រភពបាបន្តថា លោក Dilip Shanghvi ដែលជាបុគ្គលមានទ្រព្យច្រើនជាងគេលំដាប់ទី៥ របស់ឥណ្ឌា ក៏ចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ បើតាមទស្សនាវដ្ដីអាមេរិក Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុប របស់មហាសេដ្ឋីឥណ្ឌារូបនេះ មានចំនួន ជាង២៩ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៦ ខែសីហា។
ប្រទេសវៀតណាមបានក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរ ឥណ្ឌា។
យោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម បានឲ្យដឹងថា ប្រទេសមួយនេះ ទទួលបានភ្ញៀវទេសចរឥណ្ឌាចំនួន ជាង៣៩ម៉ឺននាក់ កាលពីឆ្នាំមុន។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា ជាង២៣ម៉ឺននាក់ កើនឡើង១៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត