សម្តេចតេជោ៖ ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។

សម្តេចតេជោបានបន្តថា ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលជាថវិកាខ្លះ ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។

សម្តេចតេជោសង្ឃឹមថា នាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅ ដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕
ដោយ៖ពលជ័យ

ads banner