រដ្ឋលេខាធិការក្រសួងការបរទេស ៖ គណនេយ្យករមានតួនាទីសំខាន់ ក្នុងការគាំទ្រដំណើរការជាប្រចាំរបស់ស្ថានតំណាងកម្ពុជានៅបរទេស និងការជំរុញលើកកម្ពស់ផលប្រយោជន៍ជាតិ
ភ្នំពេញ៖ លោកជំទាវ រដ្ឋលេខាធិការ ខៀវ សុផានី តំណាងរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេស គណនេយ្យក្រៅប្រទេស» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួង សម្រាប់គណនេយ្យករ ចំនួន២១រូប ដែលត្រូវបានតែងតាំងឱ្យទៅបំពេញភារកិច្ច នៅតាមស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់គណនេយ្យករក្នុងការគាំទ្រដំណើរការជាប្រចាំរបស់ស្ថានតំណាងកម្ពុជានៅបរទេស។
លោកជំទាវ បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ បំពេញភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ និងចូលរួមសហការជិតស្និទ្ធជាមួយសហការី ដើម្បីជំរុញលើកកម្ពស់ផលប្រយោជន៍ជាតិ ៕
ដោយ ៖ សួង ពិសិដ្ឋ