លោកជំទាវ ឌិត នីតា៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយសិស្សនិស្សិតឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងឆ្លាតវៃ
(ភ្នំពេញ)៖ លើកឡើងក្នុងវេទិកាកិច្ចពិភាក្សា របស់កម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ក្រោមប្រធានបទ ៖ រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ នៅរឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានប្រសាសន៍ថា ការយល់ដឹងអំពីបញ្ហាហិរញ្ញវត្ថុ គឺជារឿងសំខានក្នុងជីវិតរបស់យើងគ្រប់គ្នា ដូចគ្នានេះដែរ សិស្សនិស្សិតត្រូវមានចំណេះដឹងក្នុងការៀបផែនការចាត់ចែងលុយកាក់ ព្រោះចំណេះដឹងទាំងនេះនឹងជួយប្អូនៗឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការសម្រេចចិត្តដ៏ឆ្លាតវៃ ដែលអាចកំណត់ភាពជោគជ័យក្នុងការសិក្សា អាជីពការងារ និងជីវកម្មនាពេលពេលបច្ចុប្បន្ន និងអនាគត។
លោកជំទាវបន្តថា ការរៀបចំផែនការហិរញ្ញវត្ថុជាមុនអាចជួយឱ្យយើងមានផែនទីបង្ហាញ ផ្លូវ មួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជាសម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នាពេលអាសន្ន សម្រាប់គោលដៅអនាគត ដូចជាការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ វាក៏ជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្សនិស្សិតឱ្យមានលទ្ធភាពកំណត់និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ ប្រើកម្ចីមិនចាំបាច់ បង្កើតទំលាប់សន្សំ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់។
ការចាប់ផ្តើមស្វែងយល់នូវចំណេះដឹងហិរញ្ញវត្ថុកាន់តែឆាប់ កាន់តែជួយយើងឱ្យសម្រេច គោលដៅហិរញ្ញវត្ថុកាន់តែលឿន
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមថា វេទិកាពិភាក្សានេះ នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធល្អៗ ដើម្បីពង្រឹងការយល់ដឹង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព ដែលនឹងជួយជៀសវាងពីបញ្ហាហិរញ្ញវត្ថុ។ ហើយវេទិកានេះ ក៏នឹងផ្តល់វិធីសាស្ត្រ និងធនធានជាក់ស្តែងដែលសិស្សនិស្សិតអាចប្រើប្រាស់បានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន និងសម្រាប់ពេលអនាគតផងដែរ។
លោកជំទាវបន្តថា នៅពេលដែលលោក លោកស្រី ប្អូនៗសិស្សនិស្សិតទាំងអស់គ្នាអនុវត្តទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុមានភាពច្បាស់លាស់ វាអាចនាំឱ្យយើងមានផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងការចំណាយបានត្រឹមត្រូវ ជៀសវាងការជំពាក់បំណុលដែលមិនចាំបាច់។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ជាងពេលណាទាំងអស់ ព្រោះរាល់ការចំណាយយើងជាអ្នកសម្រេចចិត្ត។ លោកបន្តថា សម្រាប់ សិស្ស និស្សិត ការសន្សំលុយគឺត្រូវធ្វើឡើងនៅពេលមានស្ថានភាពល្អ កុំចាំដល់ពេលមានប្រាក់ខែច្រើនទើបសន្សំ ដើម្បីមានទ្រព្យបម្រុងទុកនៅពេលមានវិបត្ដិសកលកើតមាន។
ប្រធានសមាគមធនាគារនៅកម្ពុជា បន្ថែមថា អ្នករៀបចំហិរញ្ញវត្ថុបានល្អ មានហានិភ័យតិចជាងអ្នកដែលរៀបចំផែនការហិរញ្ញវត្ថុមិនបានល្អ។ លោកបន្តថា កាលណាប្រជាជនមានទម្លាប់សន្សំបានច្រើន នឹងឱ្យប្រទេសជាតិរីកចម្រើន។ លើសពីនេះ ការចាប់ផ្ដើមសន្សំលុយ នៅធនាគារហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៏បានរួមចំណែកជួយសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយឱ្យប្រទេសជាតិរីកចម្រើន។
លោក រ័ត្ន សោភ័ណ សង្ឃឹមថា នៅពេលសិស្ស និស្សិត ចេញធ្វើការ មានផែនការសន្សំលុយ មានប្រាក់សម្រាប់ចូលនិវត្តន៍ និងមិនធ្វើជាបន្ទុកសម្រាប់អ្នកជំនាន់ក្រោយ។
សូមបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្តីពី “រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ” គឺជាផ្នែកមួយ នៃកម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ដែលជាកម្មវិធីសាធារណៈ បង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង ការិយាល័យឥណទានកម្ពុជា (CBC) ដោយមានការទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា (NBC)។ វេទិកាកិច្ចពិភាក្សានេះ មានគោលបំណងបង្រៀននិស្សិតអំពីគន្លឹះសំខាន់ៗ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការហិរញ្ញវត្ថុ។ តាមរយៈការផ្តល់ចំណេះដឹង និងវិធីសាស្រ្តជាក់ស្តែង កម្មវិធីនេះ មានបំណងផ្តល់នូវចំណេះដឹងដល់សិស្សនិស្សិតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងរៀបចំផែនការសម្រាប់សុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគតរបស់ពួកគេ ៕
កញ្ញា វ៉ាន គីមសល់