ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សា ជាមួយក្រសួង ស្ថាប័ន ចំនួន២២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ ។
កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

សូមជម្រាបថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ គួររម្លឹកថា ចំពោះក្រសួង ស្ថាប័ន ដែលមិនបានរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងមិនទទួលបានការអនុញ្ញាត ក្នុងការជ្រើសរើសមន្ត្រីថ្មីឡើយ។ ការងារការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ត្រូវបានអនុវត្តជាបន្តបន្ទាប់។
បន្ទាប់ពីបានជួបពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ននានា ក្រុមការងារជំនាញទទួលបន្ទុកការងារវិភាគមុខងាររបស់ក្រសួងមុខងារសាធារណៈ នឹងបន្តនីតិវិធីជាបន្តទៅមុខទៀត ធ្វើយ៉ាងណា ឱ្យការងារការកែទម្រង់រដ្ឋបាលសាធារណៈតាមរយៈការងារនេះ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព៕





ដោយ វណ្ណលុក