រុស្ស៊ីព្រមានផ្ទុះសង្គ្រាមលោកលើកទី៣
មូស្គូ៖ រុស្ស៊ីបានព្រមានកាលពីថ្ងៃអង្គារ ពីការផ្ទុះសង្គ្រាមលោកទី៣ និងថា ប្រទេសលោកខាងលិចកំពុងលេងជាមួយភ្លើង ដែលពិចារណាអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែលេងជាមួយភ្លើង តាមរយៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបរទេសសម្រាប់អ៊ុយក្រែន។
លោក Lavrov បានព្រមានធ្ងន់ៗថា សង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក។
លោក Lavrov បន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់ស្ថេរភាពរបស់ប្រទេស។
ការព្រមានរបស់ប្រមុខការទូតរុស្សីរូបនេះ កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា