ព្យុះទីហ្វុងដ៏ខ្លាំងផ្តើមវាយប្រហារជប៉ុន
នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយ មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានបោកបក់មកលើប្រទេសជប៉ុន ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ពាសពេញតំបន់ភាគខាងត្បូង ដោយអាជ្ញាធរបានព្រមានអំពីគ្រោះទឹកជំនន់ និងការបាក់ដី ដែលគំរាមកំហែង ដល់អាយុជីវិតមនុស្ស។
អាជ្ញាធរបានចេញការប្រកាសអាសន្នខ្ពស់បំផុត នៅកន្លែងនានា ដោយណែនាំមនុស្សរាប់សែននាក់ ឱ្យជម្លៀសចេញ។
ព្យុះទីហ្វុង Shanshan បានបក់បោក ក្នុងល្បឿនរហូតដល់ ២៥២ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈដែលវាបានបោកបក់ចូលកោះ Kyushu ភាគខាងត្បូងដ៏សំខាន់ របស់ប្រទេសជប៉ុន កាលពីព្រឹកមិញនេះ ដែលធ្វើឱ្យវាក្លាយជាព្យុះដែលមានកម្លាំងខ្លាំងបំផុត ក្នុងឆ្នាំនេះ និងជាព្យុះដ៏ខ្លាំងបំផុតមួយ ចាប់តាំងពីឆ្នាំ១៩៦០។ មនុស្ស ៥៩ នាក់បានរងរបួស នៅកោះ Kyushu ខណៈដែលផ្ទះជាង ២៣ម៉ឺនខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់។
ទីក្រុងឆ្នេរសមុទ្រ Miyazaki ពោរពេញដោយកំទេចកំទី អគារ ដែលរងការខូចខាត ជិត២០០កន្លែង ហើយមានសេចក្តីរាយការណ៍ ពីមនុស្ស ២៥នាក់ បានរងរបួស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត