ឯកឧត្តម វង សូត ជំរុញមន្រ្តីមូលដ្ឋានត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា
(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែសីហា នេះបានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន ២៧៣នាក់ មកពីទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ និងជំរុញឱ្យបន្តនូវការខិតខំបន្ថែមទៀត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងបម្រើសេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ ១) ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀតនិងបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ២) ត្រូវខិតខំផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើ និងប្រកបដោយសិលធម៌ខ្ពស់ សាកសមជាមន្ត្រីបម្រើរាស្ត្រ។ ៣) ត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងក្លាយទៅជាសភាឌីជីថល តាមការណែនាំ និងដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា កម្ពុជា។
ក្នុងរយៈពេល ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បានសម្រេចនូវលទ្ធផលការងារល្អប្រសើរ និងទទួលបានសមិទ្ធផលជាច្រើន ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បន្តថា ប្រជាជនកម្ពុជាទូទាំងប្រទេស បានអបអរសាទរ និងគាំទ្រ ព្រមទាំងប្តេជ្ញាចូលរួមអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា គឺជីកព្រែក “ហ្វូណនតេជោ“ ក្រោយពីមានការប្រកាសចលនាគាំទ្រពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ឯកឧត្តម វង សូត ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ និងច្រានចោលចំពោះសកម្មភាពរបស់ក្រុមមួយក្តាប់តូច ដែលបានធ្វើការញុះញង់អុចអាល បំភ្លើស ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា មានចេតនាបង្កភាពវឹកវរក្នុងសង្គម ទោះបីជាមានការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ ។

ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុងនិងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយគណបក្ស ៕



ដោយ ៖ ហេង សម្បត្តិ