លោក ញឹម សុវណ្ណារ៉ូ ៖ ខំត្រៀមរថយន្ត Off-Road Extreme បែរជាផ្លូវក្រវាត់ព្រំដែនស្រួលជិះមិនគួរអោយជឿ
(ភ្នំពេញ)៖ ក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា បានធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង ដឹកនាំឯកឧត្តម ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា និងឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានក្រុមរថយន្ត Off-Road ក្រុមយុវជន ក១៥៧ និងក្រុមយុវជនជាង ២០០នាក់ មានរថយន្ត Off-Road ៣០គ្រឿង រយៈពេល៤ថ្ងៃ៣យប់។
លោក ញឹម សុវណ្ណារ៉ូ និងជាកីឡាករប្រណាំងរថយន្ត Off-Road មានរហ័សនាមថា Mario បានអោយដឹងថា ដំណើរកម្សាន្តជាលក្ខណៈទេសចរ ខ្ញុំគិតថាប្រហែលជា Trip បែប Off-Road គិតថាពិបាកហើយ តាមពិតមិនមែននោះទេផ្លូវប្រវាត់ព្រំដែននេះ គឺផ្លូវល្អ ក្រាលគ្រួសក្រហមដែលមានភាពបត់បែនគួរអោយចាប់អារម្មណ៍។
ខ្ញុំគិតស្មានមិនដល់ ក៏ត្រៀមរថយន្ត Off-Road ជាលក្ខណៈ Extreme ដើម្បីឆ្លងកាត់ឧបសគ្គខ្លាំង តែការពិតផ្លូវធ្វើដំណើរមិនពិបាកដូចជាគិតរបស់ខ្ញុំទេ រថយន្តធម្មតាទាបៗ ក៏ធ្វើដំណើរបានដូចគ្នា។ កីឡាករប្រណាំងពោរពេញដោយបទពិសោធន៍ ដែលយករថយន្តប្រណាំងមកបើកតាមស្រួលរូបនេះ បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក មកកម្សាន្តតាមក្រវាត់ព្រំដែនការធ្វើដំណើរ ៣យប់ ៤ថ្ងៃ គឺមានសុខសុវត្តិភាព និងសន្តិភាពពេញលេញ ជាមួយនឹងទេសភាពស្រស់ស្អាត ។
គួររម្លឹកថា កីឡាករ ញឹម សុវណ្ណារ៉ូ ធ្លាប់ចូលរួមប្រណាំង Off-Road ក្នុងស្រុកជាច្រើនដង និងក្រៅស្រុក ដូចជា ប្រទេសថៃ និងធ្លាប់ទទួលបានលទ្ធផលល្អ ជាពិសេសជាកីឡាករបើកបរបែបស៊ិចស៊ីទទួលបានពានប្រជាប្រិយជាងគេពីការប្រណាំង Off-Road វូតដាយង៉ាន់ សាលូនខាប់ នៅប្រទេសវៀតណាម ។
សូមបញ្ជាក់ថា ការធ្វើដំណើរជាលក្ខណទេសចរតាមផ្លូវក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីជួយផ្សព្វផ្សាយ និងជម្រុញសកម្មភាពទេសចរណ៍នៅក្នុងប្រទេស មានរថយន្ត Off-Road សរុប៣០គ្រឿង និងសមាជិកជិត២០០នាក់ចូលរួម រយៈពេល៣ថ្ងៃពីថ្ងៃទី២៣ ដល់ ទី២៥ ខែសីហា ឆ្នាំ២០២៤ ទៅកាន់ខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង ៕







អត្ថបទ-រូប ៖ លោក ចាន់ វិចិត្រ និង សែម បូរិន