NASA ពឹង SpaceX នាំអវកាសយានិកជាប់នៅ ISS មកផែនដីវិញ
វ៉ាស៊ីនតោន៖ អង្គការ NASA បានជ្រើសយកក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីនាំយកអវកាសយានិក២រូបរបស់ខ្លួន ដែលជាប់គាំងនៅស្ថានីយអវកាសអន្តរជាតិ (ISS) មកផែនដីវិញនៅដើមឆ្នាំក្រោយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។
ក្រោយទទួលយកសំណើរពីអង្គការ NASA, ក្រុមហ៊ុន SpaceX គ្រោងបាញ់បង្ហោះយានអវកាស Crew Dragon ទៅកាន់ស្ថានីយ ISS នៅចុងខែកញ្ញាខាងមុខ ហើយនាំយកអវកាសយានិក និង យាន Starliner ត្រឡប់មកផែនដីវិញ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។
បច្ចុប្បន្នគេមិនទាន់ដឹងថាតើ NASA ជួល SpaceX ក្នុងតម្លៃប៉ុន្មាន ដើម្បីធ្វើការងារនេះនោះទេ។
លោក Barry “Butch” Wilmore និង លោក ស្រី Sunita “Suni” Williams ជាអវកាសយានិកដំបូងគេបង្អស់របស់ NASA ដែលបានហោះសាកល្បងនៅក្នុងយាន Starliner របស់ក្រុមហ៊ុនអវកាស Boeing ទៅដល់ស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤។
ដើមឡើយ លោក Wilmore និង លោកស្រី Williams មានគោលបំណងស្ថិតនៅក្នុងលំហត្រឹម ៨ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវជាប់ខ្លួនត្រឡប់មកផែនដីវិញមិនបាន ព្រោះបញ្ហាម៉ាស៊ីនបាញ់បង្ហោះរបស់យាន Starliner។
ដោយសារតែរឿងនេះ Boeing ត្រូវគេរាយការណ៍ថ្មីៗនេះថា បានខាតបង់ថវិកាចំនួន ១២៥លានដុល្លារបន្ថែមទៀត ពីលើការខាតបង់លើកមុនចំនួន ១,១ពាន់លានដុល្លារ បន្ទាប់ពីកម្មវិធីបាញ់បង្ហោះយាន Starliner៕
ប្រភព : Bloomberg ប្រែសម្រួលដោយ : ឈឹម ទីណា