អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ការដាក់ពាក្យប្តឹងមានច្រើនវិធី​ក្នុងនេះការ​ដាក់ពាក្យប្តឹងតាមប្រៃសណីយ៍ក៏មិនគិតថ្លៃដែរ

(ភ្នំពេញ)៖ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ពលរដ្ឋ ក៏ដូចជាដើមបណ្តឹងអាចដាក់​ពាក្យប្តឹងរបស់ខ្លួន បានច្រើនវិធីណាស់ ក្នុងនេះរួមមានទាំងតាមប្រអប់សតាមដងផ្លូវ​របស់​អង្គភាពប្រឆាំងអំពើពុករលួយ តាមអ៊ីមែល ទូរស័ព្ទ ការមកអង្គភាពប្រឆាំងអំពើ​ពុករលួយផ្ទាល់ និងអ្វីដែលពិសេសជាងនេះគឺការផ្ញើរពាក្យប្តឹងតាមប្រៃសណីយ៍​ក៏ពុំមានការគិតថ្លៃសេវាអ្វីឡើយទោះផ្ញើរតាមណាក៏ដោយ។

បញ្ជាក់ប្រាប់ ទូរទស្សន៍អប្សរា នារសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤មុនកិច្ចប្រជុំ​នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៣៨ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជនពីសំណាក់អង្គភាពប្រឆាំង​អំពើពុក​រលួយគឺមានច្រើនវិធីណាស់ទៅតាមជម្រើសរបស់ពលរដ្ឋ។

ទាំងអស់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យប្តឹងប្រឆាំងទៅនឹងអ្នកប្រព្រឹត្តិអំពើពុករលួយ។សម្រាប់អ្នកដាក់ពាក្យប្តឹងត្រូវភ្ជាប់មកជាមួយភស្ថុតាង និងអ្វីផ្សេងៗ​ទៀត​កាន់តែប្រសើរដើម្បីងាយស្រួលដាក់ទម្ងន់ និងការអនុវត្តទៅលើជនប្រព្រឹត្តិអំពើពុក​រលួយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានលើកឡើងឱ្យដឹងដែរថា៖”ជាទូទៅក្នុងមួយខែអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្រមាណចន្លោះពី៤០ទៅជាង៥០ពាក្យប្តឹង” ។ ទាក់ទិនទៅនឹងពាក្យ​ប្តឹង​នេះដែរ​ពាក្យប្តឹងនីមួយៗមានលក្ខណៈខុសៗគ្នា ដោយពាក្យប្តឹងមួយចំនួនតម្រូវ​ឱ្យអ្នក​ត្រូវ​ទទួលរងការចោទប្រកាន់ត្រូវមកឆ្លើយបំភ្លឺ ឬពាក្យប្តឹងខ្លះទៀតគាត់​ត្រូវ​សរសេរស្រាយបំភ្លឺ ពាក្យប្តឹងខ្លះទៀតត្រូវឱ្យគាត់មានឯកសារបន្ថែម ដើម្បីយើងនឹង​ពិចារណា​បន្ថែមថាចំណាត់ការបន្តនឹងធ្វើអ្វីទៀត។

ដោយឡែកទាក់ទិនទៅនឹងពាក្យប្តឹងនៅខែសីហានេះវិញត្រូវបាន ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឱ្យដឹងថា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងសរុប ចំនួន ៤៦ ពាក្យប្ដឹង។

ជាមួយគ្នានេះ ឯកឧត្តមបានឱ្យដឹងផងថាក្នុងខែសីហានេះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមន្ត្រីចំនួន ៨៧០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ៣១៤រូប និងមន្ត្រី ៥៥៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុង ក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner