កម្ពុជា កូរ៉េ ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រវាងសាធារណរដ្ឋកូរ៉េ និង កម្ពុជា ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា, លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ ។
ក្រោយដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន តាមយ្យអរកួត (QR Code) នេះ ភ្ញៀវទេសចរមកពី សាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចយ្យូអរកូត គណនីប្រាក់រៀល បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ ។
លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានមានប្រសាសន៍ថា៖ ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន តាមឃ្យូអរកូត គឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ ភ្នំពេញ ពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទី ជាស្ពានតភ្ជាប់ ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា តាមរយៈប្រព័ន្ធបាគង ។
លោកបន្តថា កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរ មកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ ។ លើសពីនេះ កិច្ចសហការនេះ ក៏នឹងរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ពិធីនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួត” កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមកិច្ចសហការដ៏រឹងមាំ រវាងប្រទេសទាំងពីរ ។
លោកជំទាវទេសាភិបាល បានបន្តថា៖ ព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រក របៀងថ្មី (New Corridor) នៃការទូទាត់សងប្រាក់ឆ្លងដែន តាមឃ្យូអរកូត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះ នឹងជំរុញឱ្យប្រទេសទាំងពីរ ឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោជំទាវ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងទូទាត់ ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជាផងដែរ ។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ ប្រទេសថៃ វៀតណាម ឡាវ និងបណ្ដាប្រទេសមួយចំនួន ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិផ្សេងទៀត ហើយធនាគារជាតិ មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀត ក្នុងតំបន់។
ការតភ្ជាប់នេះ នឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាមប្រព័ន្ធឃ្យូអរកូត (QR Code) ចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញ រាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេស និងបណ្តាញដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជា បានដោយងាយស្រួល ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត