ថ្នាក់ដឹកនាំក្រសួងដែនដី ចុះត្រួតពិនិត្យជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយក្នុងខេត្តកំពង់ឆ្នាំង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរជុំវិញខេត្ត មានការឯកភាពគ្នាដោយចាត់ទុកការងារចុះបញ្ជីដីធ្លីជាកិច្ចការងាររបស់ខ្លួនផងដែរ ពីព្រោះប្រសិនបើមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនឹងអាជ្ញាធរដែនដីផងនោះ នឹងជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំងប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក និងងាយស្រួលក្នុងការរៀបចំខេត្តកំពង់ឆ្នាំងឱ្យបានល្អប្រសើរស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ។
នេះបើយោងតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានពេលវេលាណាដែលល្អជាងពេលនេះទៀតទេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឱ្យយើងអាចរៀបចំស្រុកទេសឱ្យបានល្អប្រសើរហើយសន្តិភាពនេះនឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប។
នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធានាបាននូវនិរន្តរភាពការងារនិងដំណើរការស្ថាប័ន គ្រប់គ្រងស្មារតីនិងសតិអារម្មណ៍របស់មន្ត្រី ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងក្រសួង ដោយកសាងបាននូវជំនឿនិងទំនុកចិត្តលើរាជរដ្ឋាភិបាលជាអ្នកបន្តវេន ហើយដែលទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការឈានទៅបន្តការដោះស្រាយភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិលើវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ចំពោះកិច្ចការដីធ្លី ឯកឧត្តម ចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលយើងត្រូវចុះបញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងអាណត្តិទី៧នេះ ដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេសកម្ពុជាដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលយើងបានវាស់វែងដីធ្លីនិងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា៕
ដោយ / គ្រី សម្បត្តិ