កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី រំពឹងខ្ពស់ថា នឹងមានការចូលរួមកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រខ្លាំង
ភ្នំពេញ៖ កិច្ចប្រជុំលើកទី៣ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិក ផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ កម្មវិធីទស្សនិកជន ការផ្សព្វផ្សាយ ដើម្បីឱ្យការចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត ថោងខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣របស់គណៈកម្មការចំពោះកិច្ច ដោយផ្តោតសំខាន់ទៅលើការងារដែលបានធ្វើរួចហើយ និងត្រួតពិនិត្យលើកម្មវិធីដែលត្រូវធ្វើរហូតដល់ថ្ងៃប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កិច្ចប្រជុំនេះផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ និងការផ្សព្វផ្សាយ ដើម្បីឱ្យការចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ។ គណៈកម្មការចំពោះកិច្ចបានធ្វើការជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធទាំងអស់ ដោយសូមឱ្យកីឡាករ កីឡាការិនីឆ្នើមៗទាំងអស់ នៅទូទាំងព្រះរាជណាចក្រកម្ពុជាចូលរួមប្រកួតទាំងអស់គ្នា ក្នុងន័យជំរុញឱ្យព្រឹត្តិការណ៍កីឡាយុទ្ធគុនបុរាណខ្មែរថ្នាក់ជាតិដ៏ធំមួយនេះកាន់តែអធិកអធម។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់ក្នុងការងារលម្អិតនៃការរៀបចំកម្មវិធីប្រកួតនេះ គឺគ្រប់ផ្នែកភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ផ្នែកផ្សព្វផ្សាយ ក្រសួងព័ត៌មាន ត្រូវតែរួមគ្នាធ្វើកិច្ចការងារនេះដោយប្រយ័ត្នប្រយែង ក្នុងការរៀបចំប្រកបដោយដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីលើកគុណតម្លៃក្បាច់គុនដូនតារបស់ខ្មែរយើង។
ជុំវិញបញ្ហាប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចធិបតី ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ជាថ្មីម្តងទៀតថា នេះជាការប្រកួតមួយស្របតាមបទបញ្ជាតាមស្តង់ដាកីឡា មិនមែនជាការប្រកួតលក្ខណៈអាជីព ដែលធានាដល់តម្លៃខ្លួននោះទេ ពោលគឺមានតែប្រាក់រង្វាន់លើកទឹកចិត្ត ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តរួចហើយ គឺកម្រិតមេដាយមាស ប្រាក់ និងសំរឹទ្ធ។ នេះជាលក្ខខណ្ឌមួយ ដែលការប្រកួតមានលក្ខណៈជាកីឡា ដូច្នេះក្នុងបទបញ្ជានៃកីឡា ដូចជាកីឡាអូឡាំពិកជាដើម គឺអ្នកឈ្នះនឹងទទួលបានមេដាយមួយជានិមិត្តរូបនៃកិត្តិយស ដោយនេះជាស្មារតីនៃកីឡា មិនមែនជាកីឡាអាជីពនោះទេ ដែលត្រូវគោរពក្នុងស្មារតីកីឡាប្រកបដោយភាពច្បាស់លាស់។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់បន្ថែមទៀតថា អត្ថន័យនៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ គឺជាការប្រមែលប្រមូលនូវស្មារតីសាមគ្គីភាពរវាងអ្នកហាត់ក្បាច់គុនខ្មែរទាំងអស់ អ្នកយុទ្ធគុនខ្មែរទាំងអស់ ទោះក្បាច់គុនទាំងនោះមានឈ្មោះខុសគ្នាក្តី ក៏ប្រមូលគ្នាមកចូលរួមក្នុងការឯកភាពគ្នា សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ។ យើងរំពឹងខ្ពស់ថា ការចូលរួមនឹងកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រទាំងអស់គ្នា ដើម្បីឱ្យដំណើរការនៃគោលដៅការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណនេះក្លាយជាព្រលឹងជាតិមួយ ស្ថិតនៅក្នុងស្មារតីកូនខ្មែរគ្រប់ៗរូប តទៅថ្ងៃអនាគត។ ចំពោះជ័យលាភីដែលមានភាពលេចធ្លោ ភាពឆ្នើម ដែលគោរពបាននូវគោលការណ៍ Fair Play ទទួលបានមេដាយមាសហើយ មានអត្តចរិតល្អ សីលធម៌ល្អ ទាំងលើក្រុមសម្តែង និងគ្រប់វិញ្ញាសាប្រយុទ្ធ (ទម្ងន់) ទាំងអស់នឹងត្រូវទទួលបាននូវរង្វាន់បន្ថែម គឺពាន១ និងរង្វាន់ម៉ូតូថ្មី៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ