ឯកឧត្តម វង សូត ៖ សូមប្រជាកសិករ បន្តសហការគ្នាឱ្យបានល្អជាសហគមន៍ក្នុងការ បង្ករបង្កើនកសិផលរបស់ខ្លួន
ត្បូងឃ្មុំ៖ បងប្អូនប្រជាកសិករ ត្រូវបន្តសហការគ្នាឱ្យបានល្អជាសហគមន៍ ក្នុងការបង្ករបង្កើនកសិផលរបស់ខ្លួន និងត្រូវស្វែងយល់ពីទីផ្សារកសិផលឱ្យបានច្បាស់លាស់ ព្រមទាំង រកដៃគូទទួលទិញកសិផល ដើម្បីរក្សាបាននូវស្ថិរភាពថ្លៃនិងចំណូលគ្រួសារ ។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ដាំម្រេច ស្វាយចន្ទី កៅស៊ូ កាហ្វេ ស្វាយ ធុរ៉េន និងស្រូវ នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាកសិកររួចមក ឯកត្តមអនុប្រធានទី២រដ្ឋសភា បានអញ្ជើញ ពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនផលិតម្រេចស្អាត “សិលាផិបភើរ ខូអិលធីឌី” ដែលជាក្រុមហ៊ុនផលិត និងនាំផលិតផលម្រេច ចេញទៅក្រៅប្រទេស ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋាននេះផងដែរ ។
ឯកឧត្តម វង សូត បានសំណូមពរដល់ក្រុមហ៊ុន “សិលាផិបភើរ” បន្តជួយគាំទ្រប្រជាកសិករដាំម្រេចនៅក្នុងសហគមន៍ តាមរយៈការបង្កើនផលិតកម្មរបស់ខ្លួន បង្កើនការប្រមូលទិញម្រេចពីកសិករក្នុងមូលដ្ឋាន និងការផ្តល់ស្តង់ដារបច្ចេកទេសដាំដុះដល់ប្រជាកសិករជាដើម។ ឯកឧត្តម ក៏បានកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានទស្សនវិស័យប្រកបដោយក្តីស្រលាញ់ក្នុងការផលិតនិងកែច្នៃផលិតផលម្រេចរបស់កម្ពុជា ប្រកបដោយស្តង់ដារអនាម័យខ្ពស់ លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកាដល់ប្រជាកសិករ និងបុគ្គលិក កម្មករក្រុមហ៊ុនប្រមាណ ១០០នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀលផងដែរ ៕
ដោយ ហេង សម្បត្តិ