ត្រីងាប់រាប់សិបតោននៅប្រទេសក្រិក

បរទេស៖ អាជ្ញាធរនៅភាគកណ្តាល នៃប្រទេសក្រិក បានដោះស្រាយបញ្ហាត្រីងាប់រាប់សិបតោន នៅឯកំពង់ផែដ៏ពេញនិយមមួយ ដែលអ្នកស្រុកនិយាយថា អាចគំរាមកំហែងដល់ការចិញ្ចឹមជីវិត របស់ពួកគេ។

វាជាគ្រោះមហន្តរាយបរិស្ថាន លើកទីពីរហើយ ដែលបានវាយប្រហារកំពង់ផែ Volos ភាគខាងជើងនៃទីក្រុង Athens ពោលគឺបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ ធ្លាប់បានវាយប្រហារតំបន់ Thessaly កាលពីឆ្នាំមុន។

សាស្ត្រាចារ្យផ្នែកកសិកម្ម និងបរិស្ថាន Dimitris Klaudatos បានឲ្យដឹងថា បន្ទាប់ពីព្យុះ Daniel និង Elias កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន បាននាំឲ្យវាលទំនាបប្រហែល ២ម៉ឺនហិកតា ក្នុងទីក្រុង Thessaly ត្រូវបានជន់លិច ហើយត្រីទឹកសាបជាច្រើនក្បាល ត្រូវបាននាំចេញពីបឹង ទៅកាន់សមុទ្រ ថេសាលី។ ចាប់តាំងពីពេលនោះមក ទឹកបឹងបានស្រកចុះយ៉ាងខ្លាំង ដោយបង្ខំឱ្យត្រីទឹកសាបឆ្ពោះ ទៅកំពង់ផែ Volos ដែលហូរចូលទៅក្នុងឈូងសមុទ្រ Pagasetic និងសមុទ្រ Aegean ជាកន្លែងដែលពួកវា មិនអាចរស់បាន។

កាលពីថ្ងៃអង្គារ អាជ្ញាធរបានយកចេញនូវត្រីងាប់ចំនួន ៥៧តោន នៅលើឆ្នេរសមុទ្រក្បែរទីក្រុង Volos ហើយអាជ្ញាធរបានបន្តកិច្ចខិតខំប្រឹងប្រែងសម្អាត រហូតដល់ថ្ងៃពុធ។

យោងតាមសមាគមភោជនីយដ្ឋាន និងបារក្នុងស្រុក បានឱ្យដឹងថា ចរាចរណ៍ភ្ញៀវទេសចរទៅកាន់តំបន់នេះបានធ្លាក់ចុះជិត ៨០ភាគរយរួចទៅហើយ ចាប់តាំងពីទឹកជំនន់ កាលពីឆ្នាំមុន។ ប្រធានសមាគម ឈ្មោះ Stefanos Stefanou បានបញ្ជាក់ថា «ស្ថានភាពដែលមានត្រីងាប់នេះនឹងក្លាយជាការស្លាប់របស់យើង.. តើភ្ញៀវណា នឹងមកទីក្រុងរបស់យើង បន្ទាប់ពីនេះនោះ?»

អាជ្ញាធរមូលដ្ឋានបានបើកការស៊ើបអង្កេតដើម្បីសិក្សាពីគុណភាពទឹក និងកម្រិតអតិសុខុមប្រាណ នៅមាត់ទន្លេ នៃបឹង Karla ក៏ដូចជា ការបំពុលដែលអាចកើតមាន នៅក្នុងឈូងសមុទ្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner