ទេសចរណ៍ថៃខាតជាង ១៤លានដុល្លារ ព្រោះទឹកជំនន់

បាងកក៖ តាំងពីពាក់កណ្តាលខែសីហាមក ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានវាយប្រហារខេត្តជាច្រើន របស់ប្រទេសថៃ។ អាជ្ញាធរជំនាញបង្ហាញរបាយការណ៍ចុងក្រោយថា ទឹកជំនន់ បានបណ្តាលឱ្យថៃខាតបង់ពីផ្នែកទេសចរណ៍ ៤៩១លានបាត ឬ ស្មើនឹងជាង ១៤.៤៥លានដុល្លារអាមេរិក នេះបើតាមកាសែត Bangkok Post ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Sermsak Pongpanich រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ចាំផ្ទះ បាននិយាយថា តួលេខនេះត្រូវបានរាយការណ៍ ដោយគណៈកម្មាធិការ ដែលបង្កើតឡើងដើម្បីតាមដានផលប៉ះពាល់ទឹកជំនន់ ជាពិសេស នៅខេត្ត Phayao, Nan, Phrae, Sukhothai និង ខេត្ត Uttaradit ដែលសុទ្ធតែបានជួបបញ្ហាធ្ងន់ធ្ងរ រួមនឹងការបាក់ដីទៀតផង។

លោកបាននិយាយ កាលពីថ្ងៃពុធថា ការបិទតំបន់ទេសចរណ៍មួយចំនួន បានរារាំងភ្ញៀវទេសចរ ប្រហែល ៥៧០០០នាក់ លុបចោលការធ្វើដំណើរវិញ ខុសពីការគ្រោងទុក។ ប្រភពបន្តថា ការបិទជាបណ្តោះអាសន្ន តំបន់ទេសចរណ៍ខ្លះៗ បានធ្វើឱ្យអ្នកបម្រើការងារ ក្នុងវិស័យនេះ ចំនួន៦២៨នាក់ អត់ការងារធ្វើ។ ប្រភពបន្ថែមទៀតថា សណ្ឋាគារនៅខេត្ត Nan បានទទួលរងនូវផលប៉ះពាល់ ដ៏អាក្រក់បំផុត ធៀបនឹងសណ្ឋាគារនៅបណ្តាខេត្តផ្សេងៗទៀត។

រដ្ឋាភិបាលក៏បានបាត់បង់ប្រាក់ចំណូលពន្ធ ប្រហែល ២៤លានបាត ឬ ជាង៧០ម៉ឺនដុល្លារផងដែរ ដោយសារតែការបិទតំបន់ទេសចរណ៍នានា ដែលរងផលប៉ះពាល់ ពីទឹកជំនន់។

លោក Sermsak បាននិយាយថា ក្រសួងទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ នៃប្រទេសថៃកំពុងរៀបចំផែនការស្តារឡើងវិញ សម្រាប់តំបន់ដែលរងផលប៉ះពាល់ ដើម្បីស្តារឡើងវិញ នៅពេលស្ថានការណ៍ ធូរស្បើយ ឡើងវិញ។

លោកបានអះអាងថា អាជ្ញាធរនឹងជួយផ្សព្វផ្សាយពីការត្រៀមខ្លួនរបស់គោលដៅនីមួយៗ តាមបណ្តាញអ៊ីនធឺណិត រួមជាមួយការផ្សព្វផ្សាយពិសេស អំពីសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញតម្រូវការទេសចរណ៍ឡើងវិញ។

ទឹកជំនន់ដែលកំពុងរីករាលដាល នៅក្នុងប្រទេសថៃ នៅខែសីហានេះ បានប៉ះពាល់ដល់គ្រួសារប្រហែល ៣ម៉ឺនគ្រួសារ និងបានសម្លាប់មនុស្សជាង ២០នាក់ នេះបើតាមកាសែត Nikkei Asia។ កាសែតនេះថែមទាំងបានចុះផ្សាយទៀតថា បញ្ហាទឹកជំនន់នេះ កំពុងក្លាយជាការសាកល្បងដ៏ធំ លើកដំបូង សម្រាប់នាយករដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn Shinawatra ទៀតផង ខណៈដែលលោកស្រី បានឡើងកាន់តំណែង កាលពីថ្ងៃទី១៨ ខែសីហា៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner