គ.ជ.ប ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងដំណើរការចាប់ផ្តើម ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នេះ មានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ជារៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំង មួយចំនួនក្នុងឃុំ សង្កាត់។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ មិនបានបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះ បោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទដៃ (App) NEC KH ។
ឯកឧត្តម មាន សទិ បានបញ្ជាក់បន្ថែមថា ៖ ជារៀងរាល់ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោតដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារប្រចាំ។នីតិវិធីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រមានភាពងាយស្រួល និងច្បាស់លាស់។
ឯកឧត្តម បន្តថា”ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ឬ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធទៅនឹងការចុះឈ្មោះបោះឆ្នោតប្រសិនបើមានភស្ថុតាងបញ្ជាក់មានភាពមិនប្រក្រតី មានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និង បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ